(ភ្នំពេញ)៖ គោលនយោបាយអាទិភាពចំនួន៦​ ត្រូវបានរាជរដ្ឋាភិបាល និតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញ និងអនុវត្តន៍បន្ទាន់ ដើម្បីបម្រើដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ បញ្ហាប្រឈមអាទិភាចំនួន៥ ក៏ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ​វិធាន​ការគន្លឹះ សម្រាប់​ដោះស្រាយផងដែរ រួមមាន៖ រដ្ឋបាល​សា​ធារណៈ, សេវាសុខាភិបាល, អប់រំ, ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងប្រព័ន្ធយុត្តិធម៌។

ដើម្បីគាំទ្រដល់គោលបាយអាទិភាពទាំង៦ និងការអនុវត្តវិធានការគន្លឹះចំនួន៥ នៅឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាលគ្រោងថវិកាជាង ៨០០លានដុល្លារ ដើម្បីអនុវត្តការងារអាទិភាពទាំងនេះ។

យោតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ថវិកាឆ្នាំ ២០២៤ ក៏ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងការអនុវត្តវិធានការគន្លឹះចំនួន៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដូចខាងក្រោម ៖

* កម្មវិធីគោលនយោបាយអាទិភាព ចំនួន៦រួមមាន៖

១៖ ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល ត្រូវបានផ្តល់ថវិកាសរុបចំនួន ៣៤០.៤ប៊ីលានរៀល សមមូលនឹងប្រមាណ ៨៣លានដុល្លារ

២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ត្រូវបានផ្ដល់ថវិកាសរុបចំនួន ១៤៦.៦ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៦លានដុល្លារ

៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាររងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ត្រូវបានគ្រោងថវិកាចំនួន ៦៧៤.៥ប៊ីលានរៀល សមមូលនឹងប្រមាណ ១៦៥លានដុល្លារ

៤៖ ការអនុវត្តយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ ក្នុងករណីមានតម្រូវការថវិកាចាំបាច់ សម្រាប់កម្មវិធីនេះ, រាជរដ្ឋាភិបាលអាច ពិនិត្យប្រើពីកញ្ចប់ថវិកាក្នុងទំហំប្រមាណ ៤១០ប៊ីលានរៀល សមមូលនឹងប្រមាណ ១០០លានដុល្លារ ដែលត្រូវបានត្រៀម សម្រាប់គោលនយោបាយថ្មី

៥៖ យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ត្រូវបានគ្រោងថវិកាចំនួន ៤១០ប៊ីលានរៀល សមមូលនឹងប្រមាណ ១០០លានដុល្លារ

៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទំាងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និង ការរៀបចំឱ្យមានសមាគមកសិកម្មនៅតាមទីជនបទ ត្រូវបានគ្រោងថវិកាចំនួន ១៦.៩ប៊ីលានរៀល សមមូលនឹងប្រមាណ ៤លានដុល្លារ។

* ការអនុវត្តវិធានការគន្លឹះចំនួន ៥រួមមាន៖

១៖ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព, ប្រសិទ្ធភាព, និង សមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន ត្រូវបានត្រៀមថវិកាចំនួន ៤៩២ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២០លានដុល្លារ

២៖ ការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យ ដល់មធ្យមសិក្សា ត្រូវបានគ្រោងថវិកាចំនួន ៤១៩ប៊ីលានរៀល សមមូលនឹងប្រមាណ ១០២លានដុល្លារ

៣៖ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ត្រូវបានគ្រោងថវិកាចំនួន ២៤១ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥៩លានដុល្លារ

៤៖ ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយផ្តោតការយកចិត្ត-ទុកដាក់ ជាពិសេសលើការកាត់បន្ថយ និង ឈានទៅដល់ការលុបបំបាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅសហគមន៍ ត្រូវបានគ្រោងថវិកាចំនួន ៣៨.១ប៊ីលានរៀល, សមមូលនឹងប្រមាណ ៩លានដុល្លារ

៥៖ ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ត្រូវបានគ្រោងថវិកាចំនួន ១០.៣ប៊ីលានរៀល សមមូលនឹងប្រមាណ ២.៥លានដុល្លារ៕