(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨លានដុល្លារ។ នេះបើយោងតាមខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់បានបញ្ជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋចំនួន៤៤០ ប៊ីលានរៀល ស្មើនឹងប្រមាណ ១០៨ លានដុល្លារ គឺសម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទាន លើគម្រោងវិនិយោគដែលអាចផ្តល់ចំណូល ដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។
ឆ្នាំ២០២៤ រាជរដ្ឋាភិបាល មានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤.៧០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ និងហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤.៣៩% នៃ ផ.ស.ស ដែលស្មើនឹងប្រមាណជាង ២ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
សូមជម្រាបថា រាជរដ្ឋាភិបាលចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ តាមរយៈយន្តការដាក់ចេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាលប្រកាសបោះផ្សាយលក់មូលបត្ររដ្ឋ ចំនួន២០០លានដុល្លារអាមេរិកផងដែរ៕