(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឃន៍អន្តរជាតិ (USAID) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសគម្រោងថ្មីមួយ ដល់អង្គការចិត្តសាស្រ្តសង្គម អន្តរវប្បធម៌ (TPO) នៅកម្ពុជា ដើម្បីផ្តល់ការព្យាបាលសុខភាពផ្លូវចិត្តតាមបែបថ្មី សម្រាប់បុគ្គល និងសហគមន៍ នៅក្នុងខេត្តចំនួន១៥ ដែលនៅតែប្រឈមមុខនឹងការប៉ះទង្គិចផ្លូវចិត្ត ដោយសារការឆ្លងកាត់របបខ្មែរក្រហម។
សេចក្ដីប្រកាស របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោងថ្មីនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការធ្វើអន្តរកាលយុត្តិធម៌ សេរីភាព និងការផ្សះផ្សានៅកម្ពុជា។
លោក William A. Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា «ផលវិបាកនៃរបបខ្មែរក្រហមនៅតែញាំញី ដល់ប្រជាជនកម្ពុជាជាច្រើន ដែលបានឆ្លងកាត់សម័យកាលដ៏អាក្រក់មួយនេះ។ គម្រោងនេះនឹងជួយប្រជាជនកម្ពុជារាប់ពាន់អ្នក ដែលកំពុងរងគ្រោះពីការចងចាំនៃសម័យកាលនោះ ឱ្យទទួលបានសេវាកម្មសុខភាពផ្លូវចិត្តសំខាន់ៗ ដែលនឹងជួយពួកគេឱ្យរស់ដោយសុភមង្គល និងអាចបំពេញការងារបានល្អ»។
សូមបញ្ជាក់ថា ទីភ្នាក់ងារ USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតេយ្យ John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិក ក្នុងការផ្តល់ជំនួយបរទេស។ ចាប់តាំង ពីឆ្នាំ១៩៩២ USAID បានផ្តល់ថវិកាប្រមាណជា ១ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសដដែល៕