(ភ្នំពេញ)៖ លោក សំ សុគង់ មេធាវីការពារក្តីឱ្យ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី បានអះអាងថា មូលហេតុដែលកូនក្តីរបស់លោក មិនចង់ចូលខ្លួនតាមការកោះហៅ របស់តុលាការ គឺដោយសារតែគាត់មានអភ័យឯកសិទ្ធិ ហើយថាកូនក្តីរបស់លោកចង់ឱ្យតុលាការ ស្នើលើកអភ័យឯកសិទ្ធិជាមុនសិន មុននឹងចាត់ការតាមនីតិវិធីណាមួយចំពោះ លោកស្រី ថាក់ ឡានី។
លោកស្រី ថាក់ ឡានី ដែលរងនូវការប្តឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជុំវិញករណីចោទប្រកាន់សម្តេចថា ជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី បានអវត្តមាន ក្នុងការចូលបំភ្លឺតាមការកោះហៅរបស់តុលាការ លើកទី១ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។ ជាមួយគ្នានេះ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅឱ្យ លោកស្រី ថាក់ ឡានី ឱ្យចូលខ្លួនជាលើកទី២ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះផងដែរ ដើម្បីឆ្លើយបំភ្លឺទៅនឹងការចោទប្រកាន់។
លោក សំ សុគង់ បានឱ្យដឹង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះថា «ដោយសារតែគាត់ជាសមាជិកព្រឹទ្ធសភាហ្នឹងហើយ ទើបបានជាគាត់មានបំណងមិនចង់ចូល គាត់ចាំឱ្យតុលាការអនុវត្តតាមនីតិវិធី តាមមាត្រា១០៤ នៃរដ្ឋធម្មនុញ្ញ។ ដើម្បីដំណើរការនីតិវិធីចំពោះបទល្មើសមិនជាក់ស្តែងអញ្ចឹង លុះត្រាតែមានការព្យួរ ឬលើកអភ័យឯកសិទ្ធិគាត់ជាមុនសិន ចាំឱ្យតុលាការកោះហៅ ឬធ្វើអ្វីតាមនីតិវិធីច្បាប់»។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ ព្រឹទ្ធសភា មិនទាន់ទទួលបានលិខិតពី តុលាការដើម្បីស្នើឱ្យលើកអភ័យឯកសិទ្ធិរបស់ លោកស្រី ថាក់ ឡានី នៅឡើយទេ។ លោកថា ព្រឹទ្ធសភាក៏កំពុងរង់ចាំមើលសំណើរបស់តុលាការដែរ។
ទោះជាយ៉ាងណា សម្រាប់ការចូលបំភ្លឺនៅថ្ងៃស្អែកនេះ លោកមេធាវី សំ សុគង់ ពុំទាន់អាចបញ្ជាក់បាននៅឡើយទេថា លោកស្រី ថាក់ ឡានី នឹងចូលខ្លួនឆ្លើយបំភ្លឺឬយ៉ាងណានោះ៕