(កំពង់ស្ពឺ)៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៥៥២គ្រួសារ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង រស់នៅក្នុងភូមិចំនួន១៨ ឃុំចំនួន៤ ស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយនេះ បានធ្វើឡើងនៅទីតាំងចំនួន ៣កន្លែង។ ទីតាំងទី១ នៅក្នុងវត្តបរិវេណវត្តអង្គស្តុក ឃុំទួលអំពិល ស្រុបបសេដ្ឋ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ១៧៣គ្រួសារ និងទីតាំងទី២ នៅក្នុងវត្តរិវេណវត្តកាត់ភ្លុក ឃុំកាត់ភ្លុក ស្រុបបសេដ្ឋ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៧៨គ្រួសារ ក្រោមវត្តមានលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ។

សម្រាប់ទីតាំងទី៣ នៅក្នុងបរិវេណវត្តព្រៃទទឹង ភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគង់ពិសី សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៣០១គ្រួសារ ក្រោមវត្តមាន លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា។

ក្នុងឰសកាសនោះលោក យូ ឡាណា និងលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ត្រូវមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗដែលនៅក្នុងផ្ទះ ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅស្អាត មានអនាម័យ និងបរិភោគទឹកឆ្អិន ហើយជាពិសេសនោះ គឺត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស និងការលង់ទឹកដោយយថាហេតុ។

ជាងពិសេសនៅពេលទឹកស្រកទៅវិញ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ និងត្រូវពិនិត្យមើលវត្ថុដែលជាជម្រកមូសខ្លាមានដូចជា ត្រឡោកដូង ថង់ សំបកកង់ សំបកម៉ូតូ សំបកឡាន ឬវត្ថុផ្សេងៗដែលអាចដក់ទឹកបាន ព្រោះជំងឺគ្រុនឈាមបង្កឡើងដោយសារមូសខ្លាញីខាំ។

ក្នុងកំលុងចុះចែកអំណោយនេះ កាកបាទក្រហមកម្ពុជា ក៏បានអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម គ្រុនឈីក គ្រុនចាញ់ និងជំងឺផ្សេងៗទៀត ពិសេសការប្រុងប្រយ័ត្នទៅលើការបរិភោគ កុំហូបប្រៃពេក ផ្អែមពេកជាដើម រួមទាំងការចូលរួមថែរក្សាបរិស្ថាន ដោយការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក។

ក្នុងឳកាសនោះប្រជាពលរដ្ឋបានសម្តែងនូវការសប្បាយចិត្ត ដែលទទួលបានទាំងអំណោយ និងការអប់រំសុខភាព។

សូមជម្រាបថាគ្រួសារនីមួយៗដែលរងគ្រោះខាងលើនេះ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកត្រី ៦ដប និងថវិកាមួយចំនួន៕