(កំពង់ធំ)៖ បងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីនាយប់ថ្ងៃទី២៨ ខែតុលា បានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ​ ក្រោមម្លប់សន្តិភាព នៃពិធីប្រណាំងទូក ដែលធ្វើឡើងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងទៅថា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំនេះឲ្យបានល្អជាងឆ្នាំមុន ដោយមានកីឡាករអុំទូកចូលរួមមាន៖ ទូកចំនួន ៥៦ទូក កីឡាករ ចំនួន ១.៦៦៤នាក់ ម្រុង ៣២៦នាក់ ទូកវែង ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិចំនួន ៣០ទូក ទូកផ្កាចារចំនួន ២០ទូក ហើយទីកន្លែងស្នាក់នៅរបស់កីឡាករបែងចែកមាន ៥ទីតាំងផ្សេងគ្នា។

ការប្រារព្ធពិធីនានាតាមបែបព្រហ្មសាសនានេះផងដែរ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿ នៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿង នៃអាណាចក្រអង្គរ ដែលជាសម័យកាល នៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មសាសនា និងការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។

ក្នុងឱកាសនៃការប្រារព្ធពិធីប្រណាំងទូក «ង» ក្នុងខេត្តកំពង់ធំ ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីប្រណាំងទូក «ង» នេះ។

ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូក «ង» ឱ្យបានច្រើនកុះករដើម្បីញ៉ាំង បរិយាកាសពិធីនេះឱ្យសប្បាយរីករាយផងដែរ។

សូមបញ្ជាក់ថា ការប្រារព្ធពិធីប្រណាំងទូក «ង» ធ្វើឡើងដើម្បីបង្កលក្ខណៈភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ជាពិសេសដើម្បីអបអរ ពិធីបុណ្យ អ៊ុំទូក អកអំបុក សំពះ ព្រះខែ នៅពេលខាងមុខ។ ក្នុងការប្រណាំង ង នេះមាន សរុបចំនួន ៥៥ទូក កីឡាករ ១,៧១៥នាក់៕