(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានថ្លែងស្វាគមន៍ធុរជន និងវិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ដោយអាចស្វែងយល់លម្អិតពីសក្តានុពល និងឱកាសវិនិយោគ ឬបណ្តាក់ទុនរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់អោយបានជាអតិបរមា។

លោកស្រីបានលើកឡើងថា ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនជានិច្ចក្នុងការចូលរួមសម្របសម្រួលការវិនិយោគ ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងការបន្តធ្វើសាមញ្ញកម្មលើសេវាសាធារណៈរបស់ខ្លួន ព្រមទាំងការធ្វើអទិភារូបនីយ៍កម្មជាលក្ខណៈបុរេសកម្ម ជាចំណែកនេះការបង្កើននូវឋាមវ័ន្តក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ការប្រកាសស្វាគមន៍របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនេះ បានធ្វើឡើងនារសៀលថ្ងៃសៅរ៍ ទី២៨ ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ខណៈលោកស្រី ចម និម្មល បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី «ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣»។

កម្មវិធីនេះបានរៀបចំដោយសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD) ដោយមានវត្តមានចូលរួមដោយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកតំណាងស្ថានទូតព្រះរាជាណាចក្រថៃ ​ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកស្រីជាធុរជនកម្ពុជា និងថៃជាច្រើនរូប។

នៅក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះឡើង និងបានលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះជាប្រចាំ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕