(កណ្ដាល)៖ លោក ចៅ តុល នាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួសមុខឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងនាយឧត្តមសនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល ដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ជួយដល់ដំណើរការពិធីបុណ្យអុំទូក។

ជាមួយគ្នានេះដែរ លោក ចៅ តុល ក៏បានចុះជួបសំណេះសំណាលកីឡាករចំណុះទូកចំនួន២ផងដែរ មកពីស្រុកកោះធំ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ។

ចំពោះមុខកីឡាករចំណុះទូកលោក ចៅ តុល បានពាំនាំការនឹករលឹកជាអនេកពីសំណាក់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងនាយឧត្តមសនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលថ្នាក់ដឹកនាំទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកីឡាករទាំងអស់ ដោយសង្ឃឹមថាក្រុមកីឡាករនឹងខិតខំប្រឹងប្រែងយកជ័យជំនះឲ្យបាន។

លោក ចៅ តុល ថ្លែងថាក្រោមម្លប់សន្តិភាព ពួកយើងមានឱកាសសប្បាយរីករាយ រៀបចំព្រឹត្តិការណ៍អុំទូកយ៉ាងឱឡារឹកកក្រើកក្រុងតាខ្មៅ ដែលនេះជាតម្លៃសន្តិភាពមិនអាចកាត់ថ្លៃបានឡើយ។

លោក ចៅ តុល ក៏បានលើកទឹកចិត្តដល់ក្រុមកីឡាករចំណុះទូកទាំងអស់ ថែរក្សាសុខភាពឲ្យបានល្អ គេងឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារឲ្យឆ្អែត ហូបស្អាត ផឹកស្អាត ចៀសវាងពិសារគ្រឿងស្រវឹង ធ្វើយ៉ាងណា ប្រមូលកម្លាំងអុំទូកឲ្យបានឈ្នះនាថ្ងៃទី២៩ ស្អែកនេះ។

សូមជម្រាបថាលោក ចៅ តុល ក៏បានឧបត្ថម្ភដល់កីឡាចំណុះទូកទាំង២ផងដែរនូវ អង្ករចំនួន២តោន ទឹកសុទ្ធ១០០កេស នំ១០០កេស មី១០០កេស និងថវិកាចំនួន២លាន ។ ទូកដែលមកប្រណាំងមានចំនួន២ទូក ទី១ឈ្មោះថា រន្ទះបីសិរីសែនជ័យ មកពីឃុំពោធិ៍បាន ស្រុកកោះធំ វត្តពិជ័យសាគរ។ ទូកទី២. ឈ្មោះថា នាគទេពកុមារសង្វាពេជ្រ មកពីវត្តសំប៉ាន ឃុំកោះធំខ ស្រុកកោះធំ៕