(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សាធារណរដ្ឋកូរ៉េបានចាប់ផ្តើមផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់ប្រទេសកំពុងអភិវឌ្ឍន៍តាំងពីទស្សវត្សរ៍ឆ្នាំ១៩៦០ ហើយបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១។ ជាមួយនឹងការកើនឡើងនៃបរិមាណ ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ដល់ប្រទេសកម្ពុជា កយកា-KOICA បានបង្កើតការិយាល័យនៅកម្ពុជារបស់ខ្លួននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៣។

កយកា-KOICA បានចាប់ផ្តើមកម្មវិធីសហប្រតិបត្តិការជាមួយកម្ពុជា ដោយការផ្តល់ជាសម្ភារៈ និងឧបករណ៍ផ្សេងៗដល់កម្ពុជាបន្ទាប់ពីបង្កើតកយកាឡើងនៅឆ្នាំ១៩៩១។ ចាប់តាំងពីពេលនោះមក កយកា-KOICA បានពង្រីក និងធ្វើពិពិធកម្មទម្រង់ជំនួយដល់កម្មវិធីកសាងសមត្ថភាព តាមការអញ្ជើញ កម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន គម្រោងភាពជាដៃគូប្រទេស និងកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កយកា-KOICA បានឱ្យដឹងថា «បានជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា តាមរយៈកម្មវិធីផ្សេងៗ ដែលមានតម្លៃប្រមាណ ៣៦៦,៥លានដុល្លារអាមេរិក។ កយកា-KOICA នឹងប្តេជ្ញាគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាឈានទៅដល់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
 
ជាមួយការងាររបស់ខ្លួន កយកា-KOICA បានអនុវត្តគម្រោងចំនួន៥៤ និងកម្មវិធីពិគ្រោះយោបល់ចំនួន២២ រួមទាំងការសិក្សាលទ្ធភាព បានអញ្ជើញមន្ត្រីរដ្ឋាភិបាលជាង ៣,៥០០នាក់ ទៅបណ្តុះបណ្តាលនៅសាធារណរដ្ឋកូរ៉េ បញ្ជូនអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញការជាង១,៥០០នាក់ ដែលគាំទ្រក្នុងវិស័យផ្សេងៗដូចជា សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ និងសេវាសាធារណៈ។ នៅឆ្នាំ២០២៣ កយកា-KOICA បានផ្តល់ជំនួយប្រហែល ២៨,៩លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងចំនួន១៥ កម្មវិធីភាពជាដៃគូសាធារណៈនិងឯកជនចំនួន២០ កម្មវិធីអាហារូបករណ៍សកល(CIAT) កម្មវិធីអ្នកស្ម័គ្រចិត្តជាដើម។
 
វិស័យសហប្រតិបត្តិការជាអាទិភាពរបស់កយកា-KOICA គឺ ទី១)-សុខភាពសាធារណៈមានដូចជា៖ សាងសង់មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មណ្ឌលសុខភាពមាតា និងទារកក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី ទី២)-ការអប់រំ មានដូចជា៖ សាងសង់ និងគាំទ្រ  មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) និងការបង្កើតដេប៉ាតឺម៉ង់វិស្វកម្មបរិស្ថាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លើសពីនេះទៅទៀត កយកា-KOICA បច្ចុប្បន្នកំពុងសហការជាមួយអង្គការអន្តរជាតិនានាមានដូចជា៖

ទី១៖ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP), ទី២៖ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលដាំដុះតាមផ្ទះ ជាមួយកម្មវិធីស្បៀងអាហារពិភពលោក(WFP) និងទី៣៖ គម្រោងពង្រឹងគុណភាព និងលើកកំពស់សមធម៌សេវាសុខាភិបាល(H-EQIP) ជាមួយធនាគារពិភពលោក(World Bank) ដែលគម្រោងទាំងអស់នោះ កំពុងតែដំណើរការយ៉ាងសកម្មនៅប្រទេសកម្ពុជា។
 
អតីតកម្មសិក្សាការីវគ្គខ្លីៗនិងនិស្សិតអាហារូបករណ៍នៃកម្មវិធីបណ្តុះបណ្តាលតាមរយៈកយកា-KOICA បានបង្កើតសមាគមមានឈ្មោះជាផ្លូវការថា «សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ» ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ក្រោមការឧបត្ថម្ភពី កយកា-KOICA នៃសាធារណរដ្ឋកូរ៉េ។ ដំបូង ឡើយ សមាគម នេះ មានឈ្មោះថា «ក្លឹបខ្ញុំស្រឡាញ់កូរ៉េ» ឬជាភាសាអង់គ្លេសថា “I Love Korea Club”។ ចាប់តាំងពីការចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាក្នុងឆ្នាំ២០០៧មក សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ បានសហការជាមួយការិយាល័យ កយកា-KOICA ប្រចាំប្រទេសកម្ពុជា នឹងបានរៀបចំសកម្មភាពសង្គមជាច្រើនសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋានក្នុងប្រទេសកម្ពុជា៕