(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញធ្វើដំណើរតាមរថយន្ត ឆ្ពោះទៅកាន់ខេត្តតាកែវ ដើម្បីពិនិត្យសមិទ្ធផលជាតិ និងចុះសួរសុខទុក្ខមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅខេត្តតាកែវ។ នៅក្នុងដំណើរឆ្ពោះទៅកាន់ខេត្តតាកែវនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ហាំង-ងោ ស្មៅខ្ញី, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន បាទី, វិទ្យាល័យ ជាស៊ីម តាកែវ និងជួបសំណាលជាមួយគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ខេត្តតាកែវ មុនឈានទៅដល់ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធប្រភេទ នៅទីរួមខេត្តក្នុងសាលាខេត្តតាកែវ។
នៅក្នុងជួបសំណេះសំណាលជាមួយក្មួយៗ និងគ្រូៗ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភអគារសិក្សាដល់សាលាចំនួន៣, សរុបចំនួន៦អគារ ស្មើ៨៤បន្ទប់ ព្រមទាំងឧបត្ថម្ភមួយចំនួនទៀត ដែលស្ថិតនៅបរិវេណជុំវិញសាលារៀនផងដែរ។
ដោយឡែកនៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា ខេត្តតាកែវជាខេត្តគំរូមួយ ដែលសម្តេចចាត់ទុកជាខេត្តគំរូមួយ មានចរិតប្រវត្តិសាស្រ្តក្នុងការដោះស្រាយកំណែទម្រង់ដីធ្លី ហើយការធ្វើកំណែទម្រង់ដីធ្លីនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរចំពោះនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលកាលពីរូបលោកនៅធ្វើជាអភិបាលខេត្តតាកែវ បានធ្វើកំណែទម្រង់ដីធ្លី បែបសាមគ្គីក្នុងការបង្កបង្កើនផល ទៅជាផ្តល់សិទ្ធិជូនប្រជាពលរដ្ឋបង្កបង្កើនផលជំនួសវិញ។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា សម្តេចបានចាត់ទុកខេត្តតាកែវនេះ ជាគំរូសម្រាប់សិក្សារៀនសូត្រ ដោះស្រាយបញ្ហា និងកំណែទម្រង់ដីធ្លីពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ៕
សូមស្តាប់សេចក្តីរាយការណ៍ព័ត៌មាននេះពីលោក វ៉ាន់ សារាយ រាយការណ៍ពីខេត្តតាកែវ៖