(ក្រចេះ)៖ លោក ហឿ សយីប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពផ្ដល់រង្វន់ជ័យលាភីដល់កីឡាករ ក្រោយពីការប្រណាំងបានបញ្ចប់ដោយជោគជ័យ។

ព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិនេះ មានរយៈពេល១ថ្ងៃ គឺថ្ងៃបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងដើរលេងកម្សាន្តរយ៉ងច្រើនកុះករ។

យោងតាមរបាយការណ៍លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានបញ្ជាក់ថា ទូកជាប់លេខ១មានចំនួន៦ទូក, លេខ២ មាន៦ទូក, លេខ៣ មាន៥ទូក និងលេខ៤ មាន៥ទូក។

ក្នុងឱកាសនោះដែរ លោក វ៉ា ថន បានបញ្ជាក់ថា ទោះការប្រណាំងទូកបានបញ្ចប់មែនតែល្ងាចនេះនៅមានការប្រគំតន្រ្តី ទស្សនាបន្តទៀត ហើយលោកក៏សូមចូលរួមអបអរសាទរជាមួយ និងកីឡាករទូក ងទាំអស់ ទោះចំណាត់ថ្នាក់បានលេខ១ក្ដី លេខ២, ៣, ៤ក្ដី សុទ្ធតែឈ្នះទាំងអស់គ្នា ឈ្នះក្នុងន័យគាំទ្រប្រពៃណីរបស់យើង។

ក្នុងនាមរដ្ឋាលខេត្តសូមផ្ដល់ជូនដល់ទូកជាប់ចំណាត់ថ្នាក់លេខ១ ចំនួន៦ទូក ក្នុង១ទូក ទទួលបានចំនួន២លានរៀល ស្រាបៀរគ្រុឌចំនួន៧កេស ភេសជ្ជៈ ២កេស និងទឹកសុទ្ធ១១យូ, ទូកជាប់លេខ២ ចំនួន៦ទូក ទទួលបាន១លាន ៥សែនរៀល ស្រាបៀរគ្រុឌ៧កេស ភេសជ្ជៈចំនួន២កេស និងទឹកសុទ្ធ១១យួរ ទូកជាប់ចំណាត់ថ្នាក់លេខ៣ ចំនួន៥ទូក ក្នុង១ទូកទទួលបាន១លាន ២សែនរៀល ស្រាបៀរ៧កេស ភេសជ្ជ២កេស ទឹកសុទ្ធ១១យួរ និងទូកជាប់ចំណាត់ថ្នាក់លេខ៤ ចំនួន៥ទូក ក្នុង១ទូក ទទួលបាន ១លាន ២សែនរៀល ស្រាបៀរ៧កេស ភេជ្ជះ២កេស និងទឹកសុទ្ធ១១យួរផងដែរ។

លោកអភិបាលខេត្តសូមអរគុណដល់កម្លាំងទាំង៣ប្រភេទ ដែលរៀបសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ និងអរគុណគណៈកម្មការទូកនិងក្រុមកីឡាករដែលបានចូលរួមពិធីអុំទូកនេះ ព្រមទាំងសូមថ្លែងអំណរគុណដល់ឧកញ៉ា លោក លោកស្រី និងសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភកម្មវិធី និងសូមអរគុណបងប្អូនដែលបានអញ្ជើញមកទស្សនាយ៉ាងច្រើនកុះកុរ៕