(ភ្នំពេញ)៖ សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្តូរការអប់រំនិងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា នឹងរៀបចំពិព័រណ៌អប់រំចិន-អាស៊ានជាលើកដំបូងនៅប្រទេសកម្ពុជា នាថ្ងៃទី១និងទី២ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ នៅផ្សារទំនើបអូឡាំព្យា ដើម្បីធ្វើការទាក់ទាញនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នចំនួននិស្សិតកម្ពុជារៀននៅចិននៅមានចំនួនតិចតួចនៅឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍អប់រំចិន-អាស៊ាន នៅព្រឹកថ្ងៃទី២៨ តុលានេះ លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរការអប់រំបានលើកឡើងថា ការរៀបចំតាំងពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងធ្វើការផ្លាស់ប្តូររវាងប្រទេសចិន និងអាស៊ាន ក៏ដូចជាប្រទេសកម្ពុជាផងដែរទាក់ទងនឹងវិស័យអប់រំ។

លោកបានបន្តថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចប្រទេសចិនឈរនៅលំដាប់ទី២នៅលើពិភពលោក ហើយទន្ទឹមនឹងការរីកចម្រើនសេដ្ឋកិច្ចរីកចម្រើនធ្វើឱ្យវិស័យអប់រំនៅប្រទេសចិនក៏មានការរីកចម្រើនផងដែរ ប៉ុន្តែនិស្សិតកម្ពុជានៅមិនទាន់មានការយល់ដឹងឱ្យបានទូលំទូលាយពីវិស័យអប់រំនៅប្រទេសចិននៅឡើយទេ។

លោកបានបន្តទៀតថា បើតាមក្រសួងអប់រំចិនបច្ចុប្បន្នមានប្រទេសចំនួន១៥ បានបញ្ជួនសិស្សទៅរៀននៅប្រទេសចិន ក្នុងនោះមាន១២ប្រទេសនៅទ្វីបអាស៊ីមាន៧ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងនោះប្រទេសថៃឈរលំដាប់ទី១ បន្ទាប់មកប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងប្រទេសឡាវ។ ចំណែកប្រទេសកម្ពុជាមានសិស្សរៀននៅកម្ពុជាតិចជាងគេ គឺស្ថិតនៅលំដាប់ទីប្រទេស១៥។

យោងតាមតួលេខរបស់ស្ថានទួតចិនប្រចាំនៅកម្ពុជាមាននិស្សិតកម្ពុជាប្រមាណ៥០០នាក់ បានទៅសិក្សានៅប្រទេសចិនជារៀងរាល់ឆ្នាំ។

លោកបានបន្ថែមថា ដូចនេះទើបយើងរៀបចំពិព័រណ៍នេះឡើងដើម្បីផ្សព្វផ្សាយពីវិស័យអប់រំនៅប្រទេសដល់សិស្សនិស្សិតកម្ពុជាបានយល់ដឹងព្រោះពិព័រណ៍នេះមានការផ្តល់អាហារូបករណ៍៥០០កន្លែង សម្រាប់ផ្តល់ជូនដល់និស្សិតកម្ពុជា និងមានសកលវិទ្យាល័យជាង៥០កន្លែងមកពីប្រទេសចិន និងសាកលវិទ្យាល័យនៅកម្ពុជាជាង៥០កន្លែង ចូលរួមពិព័រណ៍ផងដែរដោយរំពឹងថា ក្នុងរយៈពេល២ថ្ងៃនឹងមាននិស្សិតចូលរួមទស្សនាពិព័រណ៍ប្រមាណ២ម៉ឺននាក់។

លោកសង្ឃឹមជឿជាក់ថា តាមរយៈពេលពិព័រណ៍នេះនឹងផ្តល់ឱកាសព័ត៌មាននានាដល់សិស្សានុសិស្សនៅកម្ពុជាដែលមានបំណងទោសិក្សានៅប្រទេសចិន។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានគាំទ្រយ៉ាងពេញទំហឹងចំពោះសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្តូរការអប់រំដែលបានខិតខំប្រឹងប្រែងសហការងាររួមគ្នា ក្នុងការបង្កើតឱ្យមានកម្មវិធីពិព័រណ៍អប់រំចិន-អាស៊ាន ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនាចុងឆ្នាំ២០២៣ ខាងមុខនេះ។

លោកប្រធានមន្ទីរបានបន្តថា «ជាការពិតណាស់ កម្មវិធីពិព័រណ៍អប់រំ ចិន-អាស៊ាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មាន សិក្សានៃសាកលវិទ្យាល័យនានារបស់ប្រទេសចិន ជូនដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាដែលមានបំណងចង់បន្ត ការសិក្សានៅប្រទេសនាពេលអនាគត មួយផ្នែកទៀតក៏អាចទាក់ទាញសិស្សានុសិស្សរបស់ប្រទេសចិនមកបន្តការសិក្សានៅ ប្រទេសកម្ពុជាវិញដូចគ្នា»

លោកបណ្ឌិត តុង វណ្ណៈ ប្រធានសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានលើកឡើងថា ពិព័រណ៍នេះពិតជាមានសារសំខាន់ណាស់ចំពោះសិស្សានុសិស្សថ្នាក់ទី១២ដែលត្រៀមប្រឡងបាក់ឌុបនិងត្រៀមបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅតាមសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជាក៏ដូចជាទៅបន្តការសិក្សានៅប្រទេសចិន។

លោកបានបន្តថា «ខ្ញុំយល់ថាការរៀបចំការតាំងពិព័រណ៍នៅចុងឆ្នាំនេះនឹងក្លាយជាការផ្តល់ព័ត៌មានយ៉ាងសំខាន់សម្រាប់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិដែលបានបញ្ចចប់ការសិក្សានិងបន្តការសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងការសម្រេចចិត្តនិងជ្រើសរើសនូវការតម្រង់ទិសទៅលើមុខជំនាញ ដែលគាត់ចង់ថាតើគាត់ត្រូវសិក្សានៅក្នុងស្រុក ឬទៅបន្តការសិក្សានៅក្រៅប្រទេស»