(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខា លើកំណត់ហេតុកិច្ចប្រជុំស្តីពី កិច្ចព្រមព្រៀងសហប្រតិបត្តិការ យុទ្ធសាស្ត្រទីផ្សារ សម្រាប់ការផ្គត់ផ្គង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ រវាងខេត្តសៀមរាបនៃកម្ពុជា និងក្រុមហ៊ុនពាណិជ្ជកម្មប្រេង និងម្ហូបអាហារ Zhengzhou ប្រទេសចិន។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការចងសម្ព័ន្ធមេត្រីភាព រវាងខេត្តសៀមរាប និងខេត្តហឺណាន ប្រទេសចិន ក្នុងគោលបំណងបង្កើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការយោគយល់គ្នា ដើមី្បផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍ វិស័យផ្សេងៗនៃខេត្តទាំងពីរ ក្នុងការគាំទ្រជម្រុញ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ដើមី្បផលប្រយោជន៍ទៅវិញទៅមក សម្រាប់ខេត្តទាំងពីរ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់អំពីសក្តានុពលរបស់ខេត្ត ដែលជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្រ្ត ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប ប្រកបទៅដោយប្រាង្គប្រាសាទ។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់អំពីកំណើននៃភ្ញៀវទេសចរ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានលើកកម្ពស់ជីវភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានប្រសើរឡើង តាមរយៈការទទួលផលពីវិស័យ ទេសចរណ៍ ហើយក៏ជាតួអង្គសំខាន់ ក្នុងសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួត។
លោកបានអរគុណ ចំពោះក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនពាណិជ្ជកម្មប្រេង និងម្ហូបអាហារ Zhengzhou ដែលបានជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅសម្រាប់ការវិនិយោគរបស់ខ្លួន។
លោកអភិបាលក៏បានសង្ឃឹមជឿជាក់ផងដែរ តាមរយៈកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងក្លាយជាដៃគូមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើន ដូចអរិយប្រទេស។ លោក ឃឹម ប៊ុនសុង ក៏បានលើកនូវសំណូមពរមួយចំនួន ដល់ភាគីចិន នូវផ្នែកកសិកម្ម លើបច្ចេកទេសវេចខ្ចប់ឲ្យត្រូវស្តង់ដារ ក្នុងការរក្សាទុកដាក់គ្រាប់ធញ្ញជាតិ និង បើកការហោះហើរត្រង់ មកកាន់ខេត្តសៀមរាប ក្នុងការបង្កើននូវ វិស័យទេសចរណ៍ រវាងខេត្តទាំងពីរ។
លោក Wang Zahng បានបញ្ជាក់ថា ការចុះអនុស្សារណៈរវាងខេត្តទាំងពីរនាពេលនេះ គឺដើមី្បផ្សាភ្ជាប់នូវចំណងមិត្តភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគុណប្រយោជន៍ ដល់ប្រជាជនខេត្តទាំងពីរ ស្របតាមនយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការជម្រុញឲ្យគ្រប់បណ្តាខេត្ត ធ្វើសម្ព័ន្ធភាពតាមបណ្តាខេត្តនៅកម្ពុជា។
លោក Wang Zahng ក៏បានគូសបញ្ជាក់អំពីសេដ្ឋកិច្ចរបស់ខេត្តហឺណាន លើវិស័យ ទេសចរណ៍ និង ឧស្សាហកម្ម កសិកម្ម។ លោកបានបញ្ជាក់ថា ខេត្តហឺណាន និងធ្វើការជម្រុញ លើការងារកសិកម្ម ទាំងបច្ចេកទេសដាំដុះ ការប្រមូលផល និង រកទីផ្សារ សម្រាប់កសិផលរបស់ខេត្តសៀមរាប ក៏ដូចទូទាំងប្រទេសកម្ពុជាផងដែរ។
ក្នុងនោះដែរ លោកនឹងធ្វើការជម្រុញ នៅការហោះហើរឆ្ពោះត្រង់ពី ខេត្តហឺណាន មកខេត្តសៀមរាប នៅពេលដ៏ខ្លីខាងមុខ ក្នុងជម្រុញឲ្យវិស័យទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប មានការកើនឡើង ក្នុងការចាប់ដៃគ្នាលើកិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច នៃខេត្តទាំងពីរ។
លោកក៏មានសង្ឃឹមផងដែរថា ក្រោយពីការចុះហត្ថលេខាលើអនុស្សារណៈ លើកំណត់ហេតុប្រជុំហើយនោះ និងធ្វើឲ្យខេត្តទាំងពីរមានការអភិវឌ្ឍន៍រីកចម្រើន ព្រមទាំងនឹងធ្វើការផ្សព្វផ្សាយដល់ប្រជាជនចិន ឲ្យមកធ្វើទេសចរណ៍នៅកម្ពុជា សំខាន់គឺខេត្តសៀមរាប។
ក្នុងការចុះអនុស្សរណៈនេះ ភាគីទាំងបី ក៏បានធ្វើកិច្ចព្រមព្រៀងគ្នាលើ០៣ចំណុច ដើម្បីបង្កើតឡើងសម្ព័ន្ធភាព និង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរក្សានូវមិត្តភាពជាអមតៈ ព្រមទាំងអនុស្សរណៈ នៃការយោគយល់គ្នារវាងខេត្តទាំងពីរ ដែលមានខ្លឹមសារចែងចំនួន ៤ចំណុចផងដែរ ៕