(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ធ បានប្រារព្ធពិធីប្រណាំងទូកង ដណ្តើមយកជ័យលាភីថ្នាក់ខេត្ត ដើម្បីចូលរួមប្រណាំងទូកថ្នាក់ជាតិ នៃពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នាពេលខាងមុខនេះ។

ពិធីប្រពៃណីមួយនេះបានដំណើរការទៅក្រោមអធិបតីភាព លោកបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ន នានាជុំវិញខេត្ត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្វាគមន៍គណៈអធិបតី និងលើកទឹកចិត្តដល់ក្រុមកីឡាទូកងទាំងអស់ឲ្យខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងពិធីប្រណាំងទូកនេះ ដណ្តើមយកជ័យលាភីថ្នាក់ខេត្ត និងឈានទៅចូលរួម ប្រណាំងទូកថ្នាក់ជាតិ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែនាពេលខាងមុខនេះ។

លោក ងួន រតនៈ សូមថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់ពិធីប្រណាំងទូកងរបស់ខេត្ត។

លោកបណ្ឌិត ជា ចាន់តូ បានលើកឡើងថា ការរៀបចំពិធីអុំទូករបស់ខេត្ត គឺជាការចូលរួមចំណែកក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ ល្អផូរផង់របស់ជាតិ ហើយក៏ជាទម្លាប់របស់ខេត្តកំពង់ធំដែលតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំកន្លង មកផងដែរ។

លោកបន្ដថា កម្មវិធីដ៏ឱឡារិកនាថ្ងៃនេះ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានកម្សាន្ដសប្បាយ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការ ដឹកនាំរបស់ស្ថាបនិកសន្តិភាពសម្តេចតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែទទួលបានការទុកចិត្ត និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា អត្ថន័យសំខាន់នៃពិធីបុណ្យអុំទូកថ្ងៃនេះ មិនមែនជាការចង់ឈ្នះចង់ចាញ់ យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សា វប្បធម៌ប្រពៃណីជាតិដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍តរៀងទៅ។ ដូចដែលយើងទាំងអស់គ្នាបានដឹងមកហើយ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណ៏ ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃពិធីបុណ្យដ៏មានសារៈសំខាន់នេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរៀងរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។

លោកបានបញ្ជាក់ថា ការរៀបចំពិធីបុណ្យអុំទូក ក៏ជាការឧទ្ទិស និងសម្ដែងនូវការដឹងគុណដល់ទន្លេមេគង្គ និងទន្លេសាបដែលបានផ្ដល់ជីជាតិយ៉ាងសំខាន់បម្រើដល់វិស័យកសិកម្មផងដែរ។ ពិធីប្រណាំងចាប់ផ្តើម ក្រោមបរិយាសសប្បាយរីករាយនិងអាកាសធាតុ អំណោយផលល្អ  ព្រះអាទិត្យ ចែងចាំង បង្កឲ្យក្រុម កីឡាករ អុំតាមដង ស្ទឹងសែន បញ្ចេញនូវសមត្ថភាព បច្ចេកទេស ប្រកួតប្រជែងជូនប្រជាពលរដ្ឋគាំទ្រទស្សនាកម្សាន្ដ។

គួរបញ្ជាក់ថា ក្នុងការប្រណាំងទូកង ពេលនេះសរុបចំនួន៥៦ ទូក កីឡាករ១,៧១៥នាក់៕