(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានថ្លែងថា កម្រិតសិក្សានៅក្នុងស្រុកខ្មែរ មិនមែនទាបដូចអ្នកនយោបាយខ្លះបង្អាប់នោះទេ ព្រោះអាហារូបករណ៍ដែលបាននេះ គឺសុទ្ធតែប្រឡងប្រជែង ហើយនិសិ្សតខ្មែរប្រឡង ជាប់អាហារូបករណ៍ ច្រើនណាស់ក្នុងមួយឆ្នាំៗ។
ការថ្លែងរបស់ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បែបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងពិធីសំណេះសំណាលជាមួយ យុវជន នូ ស៊ីធា ដែលបានដណ្ដើមយកអាហារូបករណ៍ នៅសាលាបច្ចេកទេសដ៏ល្បីនៅប្រទេសបារាំង « Ecole Polytechnique» ដោយជោគជ័យ។
ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា កន្លងមកមានអ្នកនយោបាយខ្លះ តែងតែបង្អាប់ថាកម្រិតវប្បធម៌សិក្សា របស់ប្រទេសកម្ពុជានៅទាបណាស់ ប៉ុន្ដែធាតុពិតសព្វថ្ងៃនេះ និសិ្សតខ្មែរបានជាប់អាហារូបករណ៍ នៅប្រទេសក្រៅច្រើនណាស់ក្នុងមួយឆ្នាំៗ ហើយមិនមែនចេញពីគ្រួសារអ្នកធំ គ្រួសារអ្នកមាននោះទេ ហើយយុវជន នូ ស៊ីធា ជាភ័ស្ដុតាងស្រាប់។
ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា យុវជន នូ ស៊ីធា ជាកូនអ្នកជនបទហើយ មានជីវភាពល្មម ប៉ុន្ដែយុវជន នូ ស៊ីធា មានការខិតខំណាស់ទើបមានថ្ងៃនេះ ហើយការប្រឡងនេះ នូ ស៊ីធា ក៏មិនបានរៀនគួរបន្ថែម អីនោះដែរ វាជាការខិតខំចេញពីកម្លាំងកាយចិត្ត។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់បន្ថែមថា «យុវជន នូ ស៊ីធា គឺនិមិត្តរូបតស៊ូរបស់យុវជនយើង ជានិមិត្តរូបនៃការសាងជីវិតនៅពេលអនាគត ហើយជាការបន្ដវេន ក្នុងការកសាងប្រទេសយើង នៅពេលអនាគត»។
យុវជន នូ ស៊ីធា បានឲ្យដឹងថា ការដាក់ពាក្យប្រឡងអាហារូបករណ៍ខាងលើ ពិតជាមានលំបាកខ្លាំង ហើយក៏មានការបែងចែក តាមដំណាក់កាលដែរ។ ដំណាក់ទី១ គឺត្រូវដាក់ពាក្យប្រឡងតាម Online ក្រោយមក ក៏មានការជម្រុះទៀត ដោយមើលទៅលើចំណាត់ថ្នាក់ នៃការសិក្សានៅសាលាបច្ចេកទេសតិចណូ។ បន្ទាប់ពីជាប់ដំណាក់កាលដំបូងហើយ ស៊ីធា ត្រូវប្រឡងលើវិញ្ញាសារចំនួនពីរបន្ថែមទៀត។ វិញ្ញាសារទី១ ជាវិញ្ញាសារសរសរ លើមុខវិជ្ជាគណិតវិទ្យា និង រូបវិទ្យា(មានជាភាសាអង់គ្លេស និងភាសាបារាំង) ចំណែក វិញ្ញាសារទី២ គឺជាវិញ្ញាសារផ្ទាល់មាត់ ប្រឡងលើការធ្វើសំបាត់ គណិតវិទ្យា និងរូបវិទ្យា រួមជាមួយនឹងចំណេះដឹងវិទ្យាសាស្រ្ត គឺជាការប្រឡងធ្វើលំហាត់ និងពន្យល់ដោយផ្ទាល់មាត់។
នូ ស៊ីធា បានបញ្ជាក់ថា «ខ្ញុំអាចមានឱកាសប្រឡងជាប់ ហើយអាចឈរនៅទីនេះបាន គឺដោយសារមានការបង្កាត់បង្រៀនយ៉ាងល្អពី លោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានពហុបច្ចេកទេស (តិចណូ) គាត់បានជួយបង្រៀនដល់ខ្ញុំ ហើយបានផ្ដល់ឯកសារផ្សេងៗ ក្នុងប្រឡងរបស់ខ្ញុំ»។ បន្ថែមពីនេះ យុវជន នូ ស៊ីធា ក៏បានផ្ដាំផ្ញើដល់យុវជនទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ និងចូលរួមប្រឡង អាហារូបករណ៍នេះ ហើយបានច្រើនគ្រប់គ្នា ដើម្បីបង្កើនចំណេះដឹង សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។
ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានឧបត្ថម្ភថវិកាផ្ដល់ខ្លួនមួយចំនួន សម្រាប់ដល់យុវជន នូ ស៊ីធា ផងដែរក្នុងការទិញសំលៀកបំពាក់ នៅសិក្សានៅប្រទេសបារាំងនេះ៕