(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រីឧកញ៉ា កែវ  មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការសមាគមស្ត្រីកម្ពុជា សាខាខេត្តរតនគិរី។

លោកស្រីឧកញ៉ា កែវ មុំ បានថ្លែងថា ការបង្កើតសាខាសមាគមសហគ្រិនស្រ្តី ក្នុងខេត្តរតនគិរី ក្នុងគោលបំណងចងក្រងបណ្តាញរវាងសហគ្រិននារីនៅថ្នាក់កណ្ដាល (ភ្នំពេញ) និងតាមបណ្តាខេត្តនានាឱ្យមានទំនាក់ទំនងសហការគ្នាកាន់តែជិតស្និត តាមរយៈសមាជិកសមាគម, រៀនសូត្របទពិសោធន៍ល្អៗពីសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាជាតិ និងអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពសហគ្រិនស្ត្រី នៅខេត្តរតនគិរី ឱ្យកាន់តែរីកចម្រើន, ផ្សព្វផ្សាយពីផលិតផលក្នុងខេត្តរតនគិរី ទៅទីផ្សារជាតិ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ, កៀរគរធនធានអ្នកវិនិយោគជាតិ និងអន្តរជាតិ មកវិនិយោគនៅខេត្តរតនគិរី, ច្បាមយកឱកាសដើម្បីកែច្នៃផលិតផលក្នុងស្រុកឱ្យត្រូវនឹងតម្រូវការទីផ្សារ, ជួយបង្កើនសមត្ថភាព និងឱកាសដល់សហគ្រិនជាស្ត្រីក្នុងខេត្តរតនគិរី ទាំងអ្នកជាសមាជិក និងមិនមែនជាសមាជិក តាមរយៈសមាគមនេះ និងពង្រឹងភាពខ្លាំងរបស់ស្រ្តីក្នុងខេត្តរតនគិរី។

លោក ញ៉ែម សំអឿន បានសម្តែងនូវការសាទរចំពោះការបង្កើតសមាគមស្ត្រីកម្ពុជា សាខាខេត្តរតនគិរី ដោយហេតុថាសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) គឺជាអង្គការសមាជិកមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ក្រោមគំនិតផ្តួចផ្តើមរបស់ ក្រសួងកិច្ចការនារី ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ធនាគារពិភពលោក និងសហគ្រិនស្ត្រីកម្ពុជាចំនួន១៤រូប។

សមាគមសហគ្រិនស្ត្រីកម្ពុជា មានគោលបំណងជួយគាំទ្រឱ្យស្ត្រីមានការរីក ចម្រើនផ្នែកធុរកិច្ចតាមរយៈការផ្ដល់ឱ្យស្រ្តីនូវវេទិកាធុរកិច្ច និងឱកាសរៀបចំបង្កើតបណ្តាញស្ត្រីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសហគ្រិនភាពសម្រាប់ស្ត្រី ក្នុងប្រទេសកម្ពុជា ផងដែរ។

លោកបានបន្តថា សមាគមសហគ្រិនស្ត្រីកម្ពុជា សម្រេចបាននូវការរីកចម្រើនដោយបានពង្រីកខ្លួនចាប់ពីសមាជិកត្រឹមតែចំនួន ១៤នាក់កាលពីខែតុលា ឆ្នាំ២០១១ រហូតដល់ជាង ៦៥០នាក់ គិតនៅត្រឹមខែមេសា ឆ្នាំ២០២០ និងមានគោលបំណងឱ្យសហគ្រិនស្ត្រីកាន់តែច្រើនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ក្លាយជាសមាជិក។

សមាជិកសមាគមមកពីមជ្ឈដ្ឋានជាច្រើនរួមមានសហគ្រាសធុនតូច និងមធ្យមនៅ ក្នុងវិស័យផ្សេងៗដែលស្ថិតក្នុងវិស័យធុរកិច្ច និងក្រុមអាយុផ្សេងៗគ្នាហើយភាគច្រើនរស់នៅក្នុងទីក្រុងភ្នំពេញ។ ដោយមើលឃើញអំពីតួនាទីដ៏សំខាន់នៃសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSME) និងអាជីវកម្មជា កម្មសិទ្ធិរបស់ស្ត្រីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម(MSME)៕