(សៀមរាប)៖ លោក ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានលើកឡើងថា គ្រូពេទ្យកំពុងប្រកបវិជ្ជាជីវៈ ត្រូវមានជំនាញច្បាស់លាស់ និងទាន់សម័យកាល នៃការវិវត្តវិទ្យាសាស្រ្តវិជ្ជាសាស្រ្ត បច្ចេកទេសសម្ភារៈ ជាពិសេសភាពប្រែប្រួលនៃជំងឺ និងវិធីសាស្រ្តនៃការព្យាបាលថ្មីៗ ពេលគ្រូពេទ្យមានជំនាញគ្រប់គ្រាន់ត្រូវបំពេញការងារប្រកបដោយសីលធម៌វិជ្ជាជីវៈ ដើម្បីព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធិភាព។ ក្នុងនោះដែរ គ្រូពេទ្យមិនមែនបង្កើតឡើងសម្រាប់ឱ្យអ្នកប្រកបរបរនេះធ្វើជាអ្នកមាននោះទេ ពោលវិជ្ជាជីវៈជាគ្រូពេទ្យនេះ ជាវិជ្ជាជីវៈបែបករណីកិច្ច។
លោក ធា គ្រុយ បានលើកឡើងយ៉ាងដូចនេះក្នុងសន្នីសិទប្រចាំឆ្នាំលើកទី៧ របស់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប ក្រោមប្រធានបទ «បច្ចុប្បន្នភាពជំងឺកុមារ៤» ដែលធ្វើឡើងនៅសាលសន្និសីទសុខាខេត្ដសៀមរាប នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប និងជាទីប្រឹក្សាក្រសួងសុខាភិបាល និងលោកវជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ព្រមទាំងលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យជាច្រើនរូបចូលរួមផងដែរ។
លោក ធា គ្រុយ បានបន្តថា សន្និសីទថ្ងៃនេះ បានផ្តល់ការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាម ដើម្បីយកទៅអនុវត្ត និង ចែករំលែកបន្ត ក្នុងការពង្រឹង ការបង្កើនគុណភាពព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមូលដ្ឋាន ដើម្បីផ្តល់សេវាសុខាភិបាលនានានៅក្នុងប្រទេសកម្ពុជា អនុវត្តតាមកម្រិតជំនាញប្រកបដោយប្រសិទ្ធិភាព និងមានវិជ្ជាជីវៈច្បាស់លាស់ ជាពិសេសចូលរួមកាត់បន្ថយអត្រាមរណៈភាពទារក និងកុមារឱ្យនៅកម្រិតទាប ស្របតាមផែនការយុទ្ធសាស្ត្រជាតិរបស់ក្រសួងសុខាភិបាលកម្ពុជា។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើឡើងថា មន្ទីរពេទ្យកុមារអង្គរ បានផ្ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារក្រីក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងឥតគិតកម្រៃ ក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្ដុះបណ្តាលវេជ្ជបណ្ឌិតគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្តល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ខេត្តសៀមរាប នេះពិតជាបានចូលរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរខេត្តសៀមរាបលើវិស័យសុខាភិបាល។
លោកវជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានលើកឡើងថា សន្និសីទនៅថ្ងៃនេះ បែងចែកជាបីផ្នែកសំខាន់ៗដែលក្នុងនោះដែរ រួមមាន៖ ផ្នែកទី១-យើងផ្ដោតទៅលើសេរី ករណីនៃការចម្លងរោគតាមឈាមធ្ងន់ធ្ងរ ផលវិបាកលើស្បែកនិងសាច់ដុំដែលបង្កឡើងដោយសារពាង្គកាយមិនប្រក្រតីទាក់ទងនឹងពស់ចឹក គ្រុនឈាមដែលមានជំងឺរលាកខ្នែងពោះវៀន និងកូវីដ១៩។ ផ្នែកទី២-បង្ហាញអំពីជំនួយអាហារូបត្ថម្ភដោយការចាក់បញ្ចូលតាមពោះ និងការតាមដានជំងឺទារកមិនគ្រប់ខែធ្ងន់ធ្ងរ និងតួនាទីរបស់ជាតិដែកក្នុងការគ្រប់គ្រងភាពស៊ាំរបស់កុមារ និងសមាមាត្រជាតិដែក/វីតាមីន C ដែលល្អបំផុត សម្រាប់ការបង្កើនការស្រូបយកជាតិដែក។ ផ្នែកទី៣-បង្ហាញអំពីលទ្ធផលនៃអ្នកជំងឺដែលត្រូវការឧបករណ៍ជំនួយការដកដង្ហើមនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់នៃមន្ទីរពេទ្យកុមារអង្គរ និងការសិក្សាស្រាវជ្រាវអំពីការ គ្រប់គ្រងជំងឺហឺតកុមារនៅក្នុងគ្លីនិកផ្លូវដង្ហើមដែលទើបបង្កើតថ្មីនៅមន្ទីរពេទ្យកុមារអង្គរ៕