(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានបើកការប្រណាំងទូកចម្រុះថ្ងៃទី១ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខណៈការប្រណាំងទូកនេះនឹងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី, លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី, លោក ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី និងប្រតិភូមកពីខេត្តចំនួន៤ គឺខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ និងខេត្តខេត្តឧត្តមានជ័យ។

ការប្រណាំងទូកនេះគេឃើញមានការអញ្ជើញចូលរួមទស្សនាពីសំណាក់ប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករសប្បាយរីករាយ និងអបអរសាទរមកមើលលេងកម្សាន្តសប្បាយរីករាយ ក្រោយខកខានរយៈពេល២ឆ្នាំកន្លងមក ដោយសារគ្រោះទឹកជំនន់ និងដោយវិបត្តិជំងឺកូវីដ១៩។

លោក សុខ លូ បានថ្លែងថាខេត្តបាត់ដំបង បានរៀបចំបុណ្យអុំទូក បណ្តែតប្រទីប ប្រពៃណីថ្នាក់ខេត្ត ក្នុងថ្ងៃបុណ្យចេញព្រះវស្សាជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមតាំងពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន គឺមានរយៈពេលជា២០ឆ្នាំមកហើយ តែដោយសារខេត្តមានគ្រោះទឹកជំនន់ និងបញ្ហាកូវី១៩ ធ្វើឱ្យខកខានប្រារព្ធពិធីនេះរយៈពេល២ឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមកហើយ នៅឆ្នាំ២០២៣នេះ គឺជាលើកទី២២ហើយ ដែលខេត្តបានដំណើរការប្រារព្វពិធីនេះឡើងវិញ។

លោក សុខ លូ បានបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីបនេះ ដើម្បីចូលរួមថែរក្សានូវប្រពៃណីជាតិ ដែលជាប់ទាក់ទងទៅ
នឹងប្រវត្តិសាស្រ្តសមយុទ្ធនៃកម្លាំងសាមគ្គីកងទ័ពជើងទឹក។ ទូកប្រណាំងដែលគណ:កម្មការបានរៀបចំប្រណាំងមានទូកចំនួន ៤៥ទូក និងកីឡាករ កីឡាការនី ចំនួន ១,៥៩៦នាក់ ដោយមានទូកចូលរួមប្រណាំងចម្រុះរួមមាន៖

*ទូកផ្កាចំណុះ ៦ទៅ១០នាក់ ចំនួន ៨ទូក
*ទូកខ្នាតអន្តរជាតិបុរស នារីចំណុះ ២២នាក់ ចំនួន ៨ទូក
*ទូកខ្លីប្រពៃណីជាតិចំណុះ២៣នាក់ ចំនួន២៣ ទូកមិត្តភាព ៣ទូក
*ទូក (ង) វែងប្រពៃណីជាតិចំណុះ ៦៨នាក់ ចំនួន៦ទូក។

លោក សុខ លូ បានបន្តថា ក្នុងឱកាសបុណ្យអុំទូកនាឆ្នាំនេះដែរ រដ្ឋបាលខេត្តក៏បានរៀបចំការប្រណាំងទូក បណ្តែតប្រទីប មានការតុបតែងលម្អរភ្លើង បង្ហោះគោមបាញ់កាំជ្រួច ប្រគុំតន្រ្តីសម័យនិងបានរៀបចំតាំងពិព័រណ៍និងការចូលរួមសម្តែងសិល្បៈពីអង្កការហ្វាពន្លឺសិល្បៈ និងលក់ផលិតផលជាច្រើនតូបផងដែរ។ ក្នុងនោះនៅពេលព្រលប់ក៏មានកម្មវិធីបណ្តែតប្រទីបជាច្រើន ដោយសប្បាយរីករាយ និងដើរទស្សនាកម្មវិធីផ្សេងៗនៅពេលនាត្រីផងដែរ៕