(តូក្យូ, ជ​ប៉ុន)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាទ្វេភាគី ជាមួយលោក Saito Tetsuo រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន មុនពេលកិច្ចសន្ទនាពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ជប៉ុន។ នៅក្នុងឱកាសនោះ បណ្ឌិត កៅ គឹមហួន បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍគោលដៅទទួលខុសត្រូវ ទីផ្សាររួម ក៏ដូចជា ការអភិវឌ្ឍធនធានមនុស្ស។

នៅថ្ងៃសៅរ៍ដដែលនេះ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Noor Ahmad Hamid នាយកប្រតិបត្តិនៃសមាគមធ្វើដំណើរតំបន់អាស៊ីប៉ាស៊ីហ្វិក (PATA)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីបង្កើនទេសចរណ៍ប្រកបដោយចីរភាព នៅក្នុងអាស៊ាន តាមរយៈវិធីសាស្ត្រច្នៃប្រឌិតនានា ដែលគាំទ្រដល់ឧស្សាហកម្មទេសចរណ៍ និងច្រវាក់ផ្គត់ផ្គត់ទាំងមូល។

បន្ទាប់មកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានជួបពិភាក្សាការងារជាមួយ លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ប្រទេសថៃឡង់ដ៏។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យប្រទេសថៃ លើកកម្ពស់យ៉ាងខ្លាំងក្លានូវការអនុវត្តស្តង់ដារសណ្ឋាគារបៃតងអាស៊ានជាដើម ដើម្បីពង្រឹងការអនុវត្តប្រកបដោយចីរភាព និងកាត់បន្ថយផលប៉ះពាល់នៃបរិស្ថាន លើវិស័យទេសចរណ៍។

លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម Sandiaga Salahuddin Uno រដ្ឋមន្ត្រីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ឥណ្ឌូណេស៊ី។ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីពង្រឹងសមត្ថភាព របស់អ្នកប្រកបវិជ្ជាជីវៈទេសចរណ៍ ដោយពង្រឹងការបង្កើតទេសចរណ៍ប្រកបដោយចីរភាព។

នៅថ្ងៃសៅរ៍ ដដែលនេះ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក H.E. Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច រដ្ឋមន្ត្រីទេសចរណ៍ និងបរិស្ថានប្រទេសទីម័រខាងកើត។ នៅក្នុងឱកាសនោះ បណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យទីម័រខាងកើតចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនានារបស់អាស៊ាន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ក្នុងការកសាងសមត្ថភាព ទេសចរណ៍ និងទីផ្សារប្រកបដោយចីរភាព។

បន្ទាប់មកទៀត អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ អាស៊ាន និងជប៉ុន បានឈានដល់ការយោគយល់រួម  ដើម្បីលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព និងពង្រឹងការផ្លាស់ប្តូរទេសចរណ៍តាមរយៈ សកម្មភាពជាក់លាក់ និងគម្រោងផ្សេងៗ ដែលមានប្រយោជន៍ទៅវិញទៅមក។ បណ្ដារដ្ឋមន្ត្រី ក៏មានកិច្ចសន្ទនាជាមួយអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) សមាគមធ្វើដំណើរតំបន់អាស៊ីប៉ាស៊ីហ្វិក (PATA) អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ផងដែរ៕