(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែម ចំនួន១៧០ទីតាំង នៅទូទាំងខេត្តតាកែវ។

ពិធីនេះ មានការចូលរួមពីជាថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការរបស់អង្គភាពចំណុះ ក.ប.ទ. លោក អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក អ៊ូច ភា អភិបាលខេត្តតាកែវ និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋប្រមាណ​ ១២០០នាក់។

ថ្លែងក្នុងពិធីនោះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

លោករដ្ឋមន្ត្រីបានបន្ថែមថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្ដានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាល។ បច្ចេកវិទ្យា​ឌីជីថលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងជួយសម្របសម្រួលលើការងារសាងសង់បង្គោលអង់តែនបន្ថែម រហូតឈានដល់ការបញ្ចុះបឋមសិលាក្នុងថ្ងៃនេះ។

លើសពីនេះ លោករដ្ឋមន្រ្តី មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការបន្តជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងខេត្តតាកែវ និងទៅកាន់គ្រប់ទិសទីទូទាំងប្រទេសកម្ពុជា​ និងទទួលបានលទ្ធផលកាន់តែប្រសើរនៅឆ្នាំ២០២៤​ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លានៃតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត។