(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានគ្រោងថវិកាប្រមាណ ១០ ២៥៤ ៩៦៧ លានរៀល (ប្រមាណជាង ២៥០០លានដុល្លារ) សម្រាប់ចំណាយទៅលើបន្ទុកបុគ្គលិករដ្ឋនៅឆ្នាំ២០២៤ ដើម្បីជ្រើសមន្រ្តីថ្មី ជំនួសអ្នកចូលនិវត្តន៍ក្នុងឆ្នាំ ២០២៣, ដំឡើងបៀវត្សជូនមន្ត្រីរាជការ និងការដំឡើងប្រាក់បំណាច់មុខងារ។ នេះបើយោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់បានបញ្ជាក់ថា ក្នុងគោលបំណងបន្តអនុវត្តគោលនយោបាយដំឡើងបៀវត្សអប្បបរមាជូនមន្ត្រីរាជការ, បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២៤ នឹងត្រូវបានដំឡើងចំនួន ៥%, ហើយប្រាក់បំណាច់មុខងារ នឹងត្រូវបានដំឡើងតាមកម្រិត ដូចខាងក្រោម៖

* ផ្តល់បន្ថែមជូន ២២ ៥០០ រៀល សម្រាប់មន្រ្តីរាជការស៊ីវិលដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ១ ១៣០ ០០០រៀល ចុះក្រោម និងបន្ថែមជូន ២០ ០០០ រៀល សម្រាប់មន្រ្តីរាជការដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ១ ១៣០ ១០០រៀល ឡើងទៅ

* ផ្តល់បន្ថែមជូន ២៥ ០០០ រៀល សម្រាប់មន្រ្តីនគរបាលជាតិ និងយោធិន ដែលមានប្រាក់បំណាច់មុខងារ ក្នុងកម្រិតចាប់ពី ៩៦០ ០០០ រៀល ចុះក្រោម និងបន្ថែមជូន ២០ ០០០ រៀល សម្រាប់មន្រ្តីនគរបាលជាតិ និងយោធិន ដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ៩៦០ ១០០ រៀល ឡើងទៅ។

នៅឆ្នាំ២០២៤ បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនឹងត្រូវបានដំឡើងដូចខាងក្រោម៖

* បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវបានដំឡើងពីចំនួន ១ ៣០០ ០០០រៀល នៅឆ្នាំ ២០២៣ ដល់ប្រមាណ១ ៣៥៦ ៩៥០រៀល។
* បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួន ១ ៤០០ ០០០រៀល នៅឆ្នាំ២០២៣ ដល់ប្រមាណ ១ ៤៥៦ ៩៥០រៀល។
* បៀវត្សនគរបាលជាតិ (ពលបាលត្រី) នឹងត្រូវបានដំឡើងពី ១ ៣៨៤ ៤៧៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ ២០២៣ ដល់ប្រមាណ ១ ៤៤៣ ៩២៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)។
* បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពី ១ ២៥១ ០០០ រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០២៣ ដល់ប្រមាណ១ ៣០៦ ៥៥០រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣៦៥ ០២៧ រៀល។

ជាមួយគ្នានេះ ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្រ្តីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពី ៧១ ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀលផងដែរ នៅក្នុងឆ្នាំ ២០២៤។

ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់សោធន ព្រមទាំងនឹងធ្វើសមាហរណកម្ម ប្រាក់សោធនតាមប្រព័ន្ធបៀវត្សចាស់ ចូលទៅក្នុងប្រព័ន្ធបៀវត្សថ្មី ដើម្បីដោះស្រាយបញ្ហាគម្លាត រវាងអ្នកចូលនិវត្តចាស់ និងថ្មី ឱ្យបានចប់នៅក្នុងឆ្នាំ ២០២៤ផងដែរ។

តាមរយៈវិធានការនេះថវិកាចំនួន ១៨១ ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់ការដំឡើងប្រាក់សោធន និងកាត់បន្ថយគម្លាតនេះនៅឆ្នាំ ២០២៣ និងថវិកាចំនួន ១០០ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់ឆ្នាំ ២០២៤។ ដូចនេះប្រាក់សោធនអប្បបរមាប្រចាំខែរបស់ អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន (អតីតយោធិន និង អតីតមន្ត្រីនគរបាលជាតិ) ត្រូវបានដំឡើងពី ៧៧ ម៉ឺនរៀលនៅឆ្នាំ ២០២៣ ដល់ ៨២.៥ម៉ឺនរៀលនៅឆ្នាំ ២០២៤។

ដោយឡែក ប្រាក់ដំណាច់សម្រាប់ក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ, ក្រុមប្រឹក្សាឃុំ-សង្កាត់ និងថ្នាក់ដឹកនាំភូមិក្នុងឆ្នាំ ២០២៤ នឹងត្រូវបានដំឡើងផងដែរ ចាប់ពី៤០ម៉ឺនរៀលឡើងទៅ ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

កំណើននៃប្រាក់បំណាច់ឆ្នាំ២០២៤ ដូចខាងក្រោម៖
* ប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត នឹងកើនពី ១ ៥៧០ ០០០រៀល ក្នុងឆ្នាំ ២០២៣ ដល់ ១ ៦៥០ ០០០រៀល។
* សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត នឹងកើនពី ១ ១៩៥ ០០០រៀល ក្នុងឆ្នាំ ២០២៣ ដល់ ១ ២៤៥ ០០០រៀល។
* ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ នឹងកើនពី ១ ២៨៥ ០០០រៀល ក្នុងឆ្នាំ ២០២៣ ដល់ ១ ៣៦៥ ០០០រៀល។
* សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ នឹងកើនពី ៩៧០ ០០០រៀល ក្នុងឆ្នាំ ២០២៣ ដល់ ១ ០២ ០០០រៀល។
* ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងកើនពី ១ ២៤០ ០០០រៀល ក្នុងឆ្នាំ ២០២៣ ដល់ ១ ៣២០ ០០០រៀល។
* ជំទប់ទី ១, ជំទប់ទី ២, ចៅសង្កាត់រងទី ១, ចៅសង្កាត់រងទី ២ នឹងកើនពី ៩៣០ ០០០រៀល ក្នុងឆ្នាំ ២០២៣ដល់ ៩៨០ ០០០រៀល ក្នុងឆ្នាំ ២០២៤។
* សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងកើនពី ៨២០ ០០០រៀល ក្នុងឆ្នាំ ២០២៣ ដល់៨៧០ ០០០រៀល។
* មេភូមិ នឹងកើនពី ៥១០ ០០០រៀល ក្នុងឆ្នាំ ២០២៣ ដល់ ៥៥០ ០០០រៀល។
* អនុប្រធានភូមិ នឹងកើនពី ៣៩០ ០០០រៀល ក្នុងឆ្នាំ ២០២៣ ដល់ ៤៣០ ០០០រៀល; និង
* សមាជិកភូមិ នឹងកើនពី ៣៦០ ០០០រៀល ក្នុងឆ្នាំ ២០២៣ ដល់ ៤០០ ០០០រៀល។

កាលបរិចេ្ឆទសម្រាប់ការអនុវត្តការដំឡើងប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ ជូនដល់មន្រ្តីរាជការ ព្រមទាំងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្រ្តីជាប់កិច្ចសន្យា និងការដំឡើងប្រាក់សោធនប្រចាំខែជូនអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ព្រមទាំងការដំឡើងប្រាក់បំណាច់ជូនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិ និងប្រាក់ឧបត្ថម្ភផ្សេងៗ នឹងត្រូវកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នាពេលខាងមុខ៕