(ភ្នំពេញ)៖ នាថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា រួមជាមួយលោក Le Anh Tua អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំកិច្ចប្រជុំស្តីពីការកំណត់ទីតាំងតភ្ជាប់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ជាមួយនឹង ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការចូលរួមពីសំណាក់ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ របស់ភាគីទាំងសងខាង ព្រមទាំងសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។

ក្នុងនោះភាគីទាំងពីរបានឯកភាព ពន្លឿនការអនុវត្តការគម្រោង និងការងារពាក់ព័ន្ធដើម្បីជាប្រយោជន៍រួមទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ សូមជម្រាបដែរថា នេះជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីកិច្ចប្រជុំកម្រិតបច្ចេកទេសលើកទី១ នៅខេត្តតៃនីញ៕