(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

ភាគីទាំងពីរបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរីកចម្រើននៃប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ចំពោះការគាំទ្រ និងផ្តល់ជំនួយដ៏ថ្លៃថ្លាក្នុងវិស័យនានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងពង្រឹងទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា និងអូស្រ្តាលី។

នៅក្នុងអំឡុងពេលនៃជំនួបនេះ ភាគីទាំងពីរបានរំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចធីបតី ហ៊ុន ម៉ាណែត និងលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក្នុងឱកាសនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅលើវិស័យដែលមានសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ រួមមាន ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម សន្តិសុខនិងការពារជាតិ និងការអភិវឌ្ឍធនធានមនុស្ស។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ ក៏ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ នៅកម្ពុជា នៅឆ្នាំ២០២៤ ដើម្បីជំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី៕