(ហាណូយ)៖ កន្លះខែបន្ទាប់ពីព្យុះទីហ្វុងមួយ បានវាយសង្គ្រប់ លើភាគខាងជើងវៀតណាមនោះ ព្យុះភ្លៀងថ្មីមួយទៀត ជាប្រភេទព្យុះត្រូពិកកម្រិតបង្គួរ បានបោកបក់មកលើបណ្តាខេត្ត នានានៅភាគខាងជើង និង កណ្តាលប្រទេសអាស៊ាន មួយនេះបន្ថែមទៀត បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ១០នាក់ហើយ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦។
តាមការអះអាងរបស់ គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិវៀតណាមឲ្យដឹងទៀតថា ភ្លៀងបានធ្លាក់ចុះមក យ៉ាងខ្លាំងជាប់ៗគ្នា អស់រយៈពេលបួនថ្ងៃមកហើយ នៅតំបន់ភាគខាងជើង និងកណ្តាលរបស់ប្រទេសវៀតណាម ខណៈដែលទឹកភ្លៀងធ្លាក់នៅកន្លែងខ្លះ មានកម្រិតរហូតដល់ទៅ ២០០-៤០០ មីលីម៉ែត្រឯណោះ។
ខេត្តដែលទទួលរងគ្រោះ និងមានមនុស្សស្លាប់ច្រើនជាងគេនោះគឺ Lao Cai និង មួយចំនួនទៀតនៅខេត្ត Thai Nguyen, Thanh Hoa និង Dien Bien ជាដើម ដែលពួកគេទាំង ១០នាក់បានស្លាប់ដោយសារលង់ទឹក និងរងរបួស ដោយសារតែជញ្ជាំងផ្ទះរលំសង្កត់ ហើយក្នុងនោះ ០៤នាក់ត្រូវបានទឹកកួចទៅបាត់។
ក្រៅពីមនុស្សស្លាប់នោះ ផ្ទះ២៥ខ្នងបានដួលរលំ ខណៈផ្ទះ ៥៩៦ខ្នងទៀតបានរងការខូចខាត។ ងាកមកផល ដំណាំវិញ ស្រូវ ១,២០០ហិកតាត្រូវបានទឹកជំនន់លេបត្របាក់ ដូចគ្នាទៅនឹងផលដំណាំផ្សេងៗទៀតចំនួន ១៧១ហិកតាផងដែរ។ រហូតមកដល់ពេលនេះ ស្ថានភាពអាកាសធាតុ នៅមិនទាន់មានភាពប្រសើរឡើងនោះទេ៕