(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សា អំពីមូលដ្ឋានគ្រឹះ នៃព័ត៌មានសេដ្ឋកិច្ច និងជំនួញ លោក អាន ស៊ីថាវ ដែលជាគ្រូបង្គោល និងជាអ្នកជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច របស់ FTC បានឲ្យដឹងថា ការសរសេរព័ត៌មានបានល្អ ដំបូងគឺ ត្រូវមានគ្រោងរឿងត្រឹមត្រូវ និងប្រធានបទល្អ។

ក្រោយមានគ្រោងរឿងត្រឹមត្រូវ និងប្រធានបទល្អហើយនោះ អ្នកជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច ជាង១៥ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា Body ឬតួសេចក្ដីនៃរឿងក៏ដើរតួនាទីសំខាន់ខ្លាំងដែរ។ តួសេចក្ដីនៃរឿងចាប់ផ្ដើមដំបូងដោយការដាក់ជាចម្ងល់ ដើម្បីស្វែងរកដំណោះស្រាយនៅឃ្លាបន្ទាប់ ដំណោះស្រាយនោះអាចជាការសម្ភាសអ្នកជំនាញ ឬក៏ទិន្នន័យរបាយការណ៍ យកមកបញ្ជាក់ទៀតកាន់តែមានទម្ងន់។

យ៉ាងណាមិញបើទោះមានការសម្ភាស ឬមានទិន្នន័យហើយក្ដី ក៏ចាំបាច់នៅក្នុងការស្វែងរកភស្តុតាងមកបញ្ជាក់ផងដែរ។ ភស្តុតាងក្នុងន័យនេះ ផ្ដោតទៅលើទិដ្ឋភាពជាក់ស្ដែង ឬជាលទ្ធផលណាមួយដែលងាយស្រួលក្នុងការបង្ហាញ និងពន្យល់ទៅកាន់អ្នកអាន។

សូមបញ្ជាក់ថា វគ្គសិក្សាថ្មីស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» គឺជាថ្នាក់សិក្សាមួយ ក្នុងចំណោមថ្នាក់សិក្សាទាំង៣របស់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បន្ទាប់ពីថ្នាក់សិក្សាអំពី «របៀបសរសេរព័ត៌មានទូទៅ» និងថ្នាក់សិក្សាអំពី «ជំនាញថតរូប»។

FTC ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដោយលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕