(ក្រចេះ)៖ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្ត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ។ ពិធីនេះមានការចូលរួម ពីលោកលោកលោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ។

យោងតាមរបាយការណ៍របស់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានឱ្យដឹងថា ការប្រណាំងទូកងខ្នាតអន្តរជាតិមានចំនួន២២ទូក ហើយការប្រណាំងចំនួនពីរជើងតែប៉ុណ្ណោះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តក្រចេះបានរៀបចំពិធីអុំទូក «ង» ខ្នាតអន្តរជាតិ ដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយមានទូក «ង» ចូលរួមប្រកួតសរុបទាំងអស់ ២២ទូក មកពីក្រុង ស្រុកចំនួន ៤ក្នុងខេត្តក្រចេះ។ ក្នុងនោះទូក «ង» មកពីស្រុកចិត្របុរីចំនួន ១ទូក ស្រុកឆ្លូងចំនួន ៣ទូក ក្រុងក្រចេះចំនួន ៣ទូក និងស្រុកព្រែកប្រសព្វចំនួន ១៥ទូក ហើយត្រូវបានអនុគណៈកម្មការមេប្រយោគ គ្រប់គ្រងការប្រណាំងទូក «ង» រៀបចំផ្គូរផ្គងការប្រកួតចំនួន ២លើកដែលនឹងចាប់ផ្ដើមការប្រកួតនាពេលបន្តិចទៀតនេះ។

លោកបានបន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភថវិកា និងសម្ភារជូនមករដ្ឋបាលខេត្ត រៀបចំបែងចែកអំណោយទាំងនោះជូនដល់ គណៈកម្មការ និងកីឡាករទូក «ង» ដើម្បីលើកទឹកចិត្តដល់កីឡាករទូក «ង» ខិតខំប្រឹងប្រែងយកជ័យជម្នះទៅកាន់ភូមិឋានវិញ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់កីឡាករទូក«ង» ទាំងអស់ សូមអនុវត្តតាមបទបញ្ជារបស់អនុគណៈកម្មការមេប្រយោគគ្រប់គ្រងការប្រណាំងទូក «ង» និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីកីឡាក្នុងពេលប្រកួត ព្រមទាំងនៅពេលទទួលបានលទ្ធផលចាញ់ ឬឈ្នះ សូមចូលរួមអបអរសាទរប្រកបដោយក្ដីរីករាយ ព្រោះការប្រកួតនេះគឺបង្កើតឡើងដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសកិត្តិយសរបស់គណៈកម្មការ និងកីឡាទូក «ង» យើងទាំងអស់គ្នា៕