(ភ្នំពេញ)៖ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការសម្របសម្រួល អន្តរក្រសួងគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ ក្រោមអធិបតីភាពរបស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈពេលកន្លះថ្ងៃ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា ជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ ក្នុងគោលបំណងរួមគ្នាធ្វើការពិនិត្យ វិភាគ និងវាយតម្លៃទិន្នន័យនៃភាពមិនប្រក្រតីក្នុងការផលិត ការប្រើប្រាស់ ការដឹកជញ្ជួន ការនាំចូល ការនាំចេញ និងការស្តុកទំនិញគ្រោះថ្នាក់ ដែលពាក់ព័ន្ឋនឹងក្រសួង ស្ថាប័នរបស់ខ្លួន។
លោកទេសរដ្ឋមន្រ្តី បានថ្លែងនាឱកាសនោះថាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ ហើយផ្តើមចេញពីសុខសន្តិភាពនេះ បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស។ ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ក្នុងការបន្តឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ការការពារសុខមាលភាព សុវត្ថិភាពសាធារណៈ បរិស្ថាន និងសង្គមប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ឋភាពខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ ដើម្បីពិនិត្យ វិភាគ និងវាយតម្លៃទិន្នន័យនៃភាពមិនប្រក្រតីក្នុងការផលិត ការប្រើប្រាស់ ការដឹកជញ្ជួន ការនាំចូល ការនាំចេញ និងការស្តុកទំនិញគ្រោះថ្នាក់ ក្នុងការកាត់បន្ថយហានិភ័យនានា ដើម្បីការការពារពារសុខមាលភាព សុវត្ថិភាពសាធារណៈ បរិស្ថាន សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ល។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថាគណៈកម្មាធិការនេះមានតួនាទី និងភារកិច្ចសំខាន់ដើម្បីបំពេញការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងការសិក្សាពីកាតព្វកិច្ច និងតម្រូវការរបស់ជាតិលើការចូលរួមគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ សម្រាប់ជាមូលដ្ឋាននៃការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការចូលរួមអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងទំនិញគ្រោះថ្នាក់ឲ្យទទួលបាននូវសុវត្ថិភាព រួមទាំងការរៀបចំគ្រប់គ្រង និងបង្កើតប្រព័ន្ធទិន្នន័យជាតិ ផ្តល់ព័ត៌មានជាប្រចាំរវាងក្រសួង/ស្ថាប័នពាក់ព័ន្ធទាក់ទងនឹងទំនិញគ្រោះថ្នាក់ ព្រមទាំងធ្វើការពិនិត្យ វិភាគ និងវាយតម្លៃទិន្នន័យនៃភាពមិនប្រក្រតី ដើម្បីគ្រប់គ្រងទំនិញគ្រោះថ្នាក់ឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយហានិភ័យ ធានាក្នុងការផលិត ការប្រើប្រាស់ ការដឹកជញ្ជូន ការនាំចូល ការនាំចេញ និងការស្តុកទុកទំនិញគ្រោះថ្នាក់ហើយគណៈកម្មាធិការនេះចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងលិខិតបទដ្ឋានច្បាប់ និងផែនការសកម្មភាពជាតិ ដែលទាក់ទងទៅនឹងការគ្រប់គ្រង និងការត្រួតពិនិត្យទំនិញគ្រោះថ្នាក់ ដោយសិក្សា និងវាយតម្លៃពីបញ្ហាប្រឈម និងពីចំណុចខ្វះខាតលើការគ្រប់គ្រង និងការត្រួតពិនិត្យទំនិញគ្រោះថ្នាក់ នៅក្នុងក្របខណ្ឌជាតិ ពីតម្រូវការចាំបាច់បន្ថែម សម្រាប់ឈានទៅគ្រប់គ្រង និងត្រួតពិនិត្យ សម្របសម្រួលដល់បណ្តាគម្រោង កម្មវិធី និងសកម្មភាពស្រាវជ្រាវនានា ក្នុងក្របខណ្ឌជាតិ ដែលពាក់ព័ន្ធនឹង ការចូលរួមអនុវត្តអនុសញ្ញា សន្ធិសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងអន្តរជាតិនានា ដែលទាក់ទងទៅនឹងការគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ ដើម្បីផ្តល់ប្រឹក្សាយោបល់ទៅក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការធានាបង្ការគ្រោះថ្នាក់។
សូមបញ្ជាក់ថា នាពេលកន្លងមក មានករណីគ្រោះមហន្តរាយផ្ទុះឆេះឃ្នាំងស្តុកសារធាតុគីមីនៅទីក្រុងធានជីន នៃប្រទេសចិន ដែលធ្វើឲ្យមានការបាត់បង់ទ្រព្យសម្បត្តិរាប់សិបលានដុល្លារ មានមនុស្សរងរបួស ស្លាប់ និងបាត់ខ្លួនជាច្រើននាក់។ ដូចនេះយើងត្រូវមានវិធានការជាមុន ដើម្បីបញ្ជៀស នូវគ្រោះមហន្តរាយដែលនឹងកើតឡើងដោយសារទំនិញគ្រោះថ្នាក់ទាំងនេះ សម្រាប់ប្រទេសកម្ពុជាយើង៕