(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទោះបីជាប្រទេសកម្ពុជា មានការអភិវឌ្ឍ មិនដូចប្រទេសលោកខាងលិច ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំថែរក្សាកំណើនជីវភាពរបស់ប្រជាពលរដ្ឋទៅមុខរហូត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយហើយ និយាយទៀត សូមបងប្អូនជឿជាក់ចុះ ទោះស្ថានភាពសេដ្ឋកិច្ចយ៉ាងណា ទោះលទ្ធភាពរបស់រាជរដ្ឋាភិបាលយើង មិនទាន់មានដូចប្រទេសមួយចំនួនក្នុងតំបន់ ឬប្រទេសអ្នកមាន ប៉ុន្តែផលប្រយោជន៍ដែលយើងគិតជាបន្តបន្ទាប់ឱ្យបងប្អូន ក្នុងរូបមន្តតក់ៗពេញបំពង ត្រូវតែបន្តធ្វើហើយត្រូវតែថែរក្សាបំពងនេះកុំឱ្យវាបែកបាក់ ហៀរទឹកចោលវិញអស់»

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលថែរក្សានូវអ្វីដែលរាជរដ្ឋាភិបាលខិតខំកសាងកន្លងមក ជាពិសេសថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងការវិនិយោគឱ្យបានល្អ ដើម្បីធ្វើឱ្យប្រទេសកម្ពុជា បន្តរីកចម្រើនបន្ថែមទៀត មានលទ្ធភាពបង្កើតការងារ បង្កើតចំណូលជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ មិនមែនធ្វើត្រឹមតែមួយថ្ងៃ ឬជប់ចេញមកភ្លាមៗនោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់គោលនយោបាយជាច្រើនដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា ប្រែក្លាយទៅជាប្រទេសមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធា។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសអភិវឌ្ឍ គឺជាប្រទេសដែលមានប្រជាជនម្នាក់ៗ មានចំណូលក្នុងកម្រិតមួយខ្ពស់។ ដូច្នេះហើយរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាជំរុញឱ្យមានប្រាក់ចំណូលគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋឱ្យកាន់តែកើនឡើងជាបន្តបន្ទាប់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានពេលសម្រាកនោះទេ ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ដើម្បីឈានទៅរកការ សម្រេចនូវផែនការឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧ ធ្វើការគ្មានថ្ងៃឈប់សម្រាកនោះទេ ពោលគឺមិនចាំ១០០ថ្ងៃ ៣ខែនោះទេ ហើយក៏គ្មានរាត្រីទឹកឃ្មុំ សម្រាប់គណបក្សនយោបាយដែលដឹកនាំប្រទេសជាតិនោះដែរ៕