(ភ្នំពេញ)៖ ដើម្បីលើកស្ទួយវិស័យទន្ដសាស្ដ្រនៅកម្ពុជា និងផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ សមាគមគ្រូពេទ្យវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការសង្គ្រោះបឋម និងបន្ទាន់ ក្នុងវិស័យទន្ដសាស្ត្រ ដែលធ្វើឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

វគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យរង លូ លីឃាង និងមានការអញ្ជើញចូលរួមធ្វើបទបង្ហាញ និងអនុវត្ដផ្ទាល់ពីវាគ្មិនល្បី និងអ្នកជំនាញល្បីៗនៅកម្ពុជា។

ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងក្នុងរយៈពេលមួយថ្ងៃពេញនេះ លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកទឹកចិត្ដដល់ទន្ដបណ្ឌិត ក្នុងសមាគមទាំងអស់ ត្រូវខិតខំរៀនសូត្រក្រេមយកចំណេះជំនាញពីរាមច្បងជាវាគ្មិន និងត្រូវសាមគ្គីភាពគ្នា រួមគ្នារកគន្លឹះថ្មីៗបច្ចេកទេសខ្ពស់ ដើម្បីធានាបាននូវការផ្ដល់សេវាសុខភាពផ្នែកវះកាត់មុខមាត់ និងឆ្អឹងថ្គាមប្រកបដោយគុណភាពខ្ពស់ ជូនប្រជាពលរដ្ឋ។

លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងបន្ដថា «ក្រោយបញ្ចប់នូវវគ្គបណ្ដុះបណ្ដាលនេះ ក្រុមគ្រូពេទ្យយើងទាំងអស់ក៏អាចបន្ដការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលបានយកទៅអនុវត្ដជាក់ស្ដែង បើខ្វះចន្លោះត្រង់ចំណុចណាមួយអាចសួរនំាគ្នា រកដំណោះស្រាយ តាមរយៈបង្កើតបណ្ដាញទំនាក់ទនងជាក្រុម។ លើសពីនោះជំរុញដល់ក្រុមគ្រូពេទ្យដែលជាធនធានជំនាន់ក្រោយត្រូវសហការ សាមគ្គីភាពគ្នាជួយជ្រោមជ្រែងវិស័យទន្ដសាស្ដ្រនេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងទៅថ្ងៃអនាគត»។

ជាការឆ្លើយតប លោកទន្ដបណ្ឌិត ផាន់ សាន់ដេត ប្រធានសមាគមគ្រូពេទ្យវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកនាយកមន្ទីរពេទ្យព្រះអង្គឌួង ដែលតែងតែផ្ដល់ឱកាស និងផ្ដល់ដំបូន្មានល្អៗ ដែលធ្វើឱ្យដំណើរការនៃសមាគមមានការរីកចម្រើនមកដល់ថ្ងៃនេះ។

ប្រធានសមាគមរូបនេះក៏បានបញ្ជាក់បន្ថែមពីវគ្គបណ្ដុះបណ្ដាលនេះថា គោលបំណងធំចំនួន៣ ដែលរៀបចំវគ្គបណ្ដុះបណ្ដាលពីសង្គ្រោះបឋម និងបន្ទាន់ក្នុងវិស័យទន្ដសាស្ដ្រនេះ។ ទី១៖ ចង់ពង្រឹងនូវបច្ចេកទេសសម្រាប់ទន្ដពេទ្យនៅកម្ពុជា ដើម្បីអនុវត្តគ្លីនិក ឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាព, ទី២៖ ផ្ដល់ចំណេះដឹងទូទៅ ក្នុងការចាត់ចែង និងយល់ដឹងក្នុងករណីមានហានិភ័យ ក្នុងការអភិវឌ្ឍគ្លីនិក និងការជួយជំរុញក្នុងវិស័យសុខាភិបាលកម្ពុជាទាំងវិស័យរដ្ឋ និងឯកជន ឱ្យមានការរីកចម្រើន និងបច្ចេកទេសខ្ពស់។

លោកទន្ដបណ្ឌិត ផាន់ សាន់ដេត បានបន្ដថា សម្រាប់ការចូលរួមថ្ងៃនេះ គឺមានទន្ដបណ្ឌិតមកពីតាមបណ្ដាខេត្ដ ក្រុង ចំនួន ១៦ ពីគ្លីនិកឯកជន និងគ្រឹះស្ថានសាធារណៈ ដោយវគ្គបណ្ដុះបណ្ដាលនេះជាលើកដំបូង ដូច្នេះបានកំណត់យកចំនួនតែ ៨០នាក់ប៉ុណ្ណោះ ហើយក៏នឹងមានវគ្គបណ្ដុះបណ្ដាលនេះជាបន្ដបន្ទាប់ផងដែរ។

លោកបានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺមានផ្ដល់ជាទ្រឹស្ដីផង និងអនុវត្ដផ្ទាល់ផង ដែលធ្វើបទបង្ហាញដោយវាគ្មិនជាតិល្បីៗរបស់កម្ពុជាយើងទៅតាមផ្នែក និងជំនាញនីមួយៗពីការសង្គ្រោះបឋម និងបន្ទាន់ពេលមានហានិភ័យ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះលោកទន្ដបណ្ឌិតបានអំពាវនាវដល់ទន្ដបណ្ឌិតទាំងអស់នៅកម្ពុជា ជួយពង្រឹង ក៏ដូចជាអភិវឌ្ឍចំណេះដឹងផ្ទាល់ខ្លួន ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការអនុវត្ដនៅក្នុងគ្លីនិក ដើម្បីឱ្យប្រជាពលរដ្ឋយើងទទួលបានសេវាកម្មមួយដែលមានគុណភាព ដូចប្រជាជិតខាង និងរីកចម្រើនផងដែរ។ ជាពិសេសរួមគ្នាលើកស្ទួយវិស័យសុខាភិបាល ដូចជាវិស័យទន្ដសាស្ដ្រនៅកម្ពុជា។

សមាគមគ្រូពេទ្យវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមកម្ពុជា បានបង្កើតឡើងចាប់ពីឆ្នំា២០២០មក និងបានរៀបចំធ្វើសន្និសីទចំនួន២ធំៗ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗពីបណ្ដាប្រទេសល្បីៗ ចូលរួមផងដែរ ហើយគ្រោងនឹងធ្វើសន្និសីទធំមួយទៀត នៅឆ្នាំ២០២៤ នាសណ្ឋាគារលំដាប់ផ្កាយបួន SUN & MOON ដែលមានអ្នកចូលរួមពី ៣០០-៤០០នាក់៕