(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសម្តែងការសោកស្តាយ និងស្នើឱ្យអ្នកនាង កន្និដ្ឋាស្នើកែតម្រូវ វីដេអូ ដែលអត្ថាធិប្បាយ «វិបត្តិបំណុលនៅកម្ពុជា» តាមទំព័របណ្តាញសង្គម The Kanitha Show ចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាសព័តមានរបស់ CMA ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា បទអត្ថាធិប្បាយនេះ បានចោទប្រកាន់ដោយខ្វះមូលដ្ឋានចំណេះដឹងពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រើប្រាស់តែទិន្នន័យតែពីអង្គការដែលគ្មានជំនាញវិជ្ជាជីវៈផ្នែកធនាគារនិងហិរញ្ញវត្ថុ ដោយមិនបានប្រើប្រាស់ទិន្នន័យពីប្រភពត្រឹមត្រូវដូចជាធនាគារជាតិនៃកម្ពុជា ឬសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាតំណាងស្របច្បាប់នៃវិស័យនេះ។ ហើយបទអត្ថាធិប្បាយនេះទៀតសោត ថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋគេចវេសមិនបំពេញកាតព្វកិច្ចសងប្រាក់មកកាន់គ្រឹះស្ថាន ដែលជាការរំលោភច្បាប់នៃកម្ពុជា។

សមាគមយល់ឃើញថា បទអត្ថាធិប្បាយខាងលើ មិនបានជួយដល់ប្រជាពលរដ្ឋខ្មែរ ហើយថែមទាំងបង្កចលាចលសង្គម ដោយធ្វើឱ្យប្រជាជនយល់ច្រលំ បង្កើតហានិភ័យផ្នែកច្បាប់ដល់ប្រជាជន។ បទអត្ថាធិប្បាយនេះ ក៏នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តលើគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ព្រមទាំងជំរុញឱ្យពលរដ្ឋងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជនឡើយ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមស្វាគមន៍ និងរីករាយក្នុងការផ្តល់ទិន្នន័យអំពីវិស័យមីក្រូហិរញ្ញវត្ថុ ជាពិសេសចំណេះដឹងហិរញ្ញវត្ថុ ជូនដល់កម្មវិធី The Kanitha Show ដើម្បីកម្មវិធីអាចបង្កើតមាតិកាចំណេះដឹងល្អជូនប្រជាជនកម្ពុជា៕