(ត្បូងឃ្មុំ)៖ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បន្តបានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោត ជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល នាយក នាយករងសាលា យុវជន និងអាជ្ញាធរភាគីពាក់ព័ន្ធក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុំ ប៊ុនហុង អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខា ធិការដ្ឋាន គ.ជ.ប។

នាឱកាសនោះដែរលោកបានថ្លែងថា ការរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី សារៈសំខាន់ នៃការបោះឆ្នោតនេះឡើង  គឺក្នុងគោលបំណងទី១៖ គឺអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ជូនដល់ ភាគីពាក់ព័ន្ធដែលជាក្រុមគោលដៅ, ទី២៖ ប្រមូលធាតុចូលសំខាន់ៗ ពីគ្រប់ភាគីពាក់ព័ន្ធ និងសិក្សាអំពីបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត, ទី៣៖ ដើម្បីធ្វើនវានុវត្តន៍លើកម្មវិធី និងប្រធានបទនៃវគ្គ, ទី៤៖ បំផុសឱ្យមានការផ្សព្វផ្សាយបន្តដល់សាធារណជន ដែលមិនបានចូលរួម  និងទី៥៖ ផ្សព្វផ្សាយប្រភព ព័ត៌មានដែលចេញដោយ គ.ជ.ប និង លធ.ខប (គេហទំព័រ,App,បណ្តាញសង្គម)។

នៅក្នុងវគ្គនេះ លោក ស៊ុំ ប៊ុនហុង បានបង្ហាញអំពីសារៈសំខាន់នៃការបោះឆ្នោតជាច្រើនទៅកាន់ភាគីពាក់ព័ន្ធជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ឱ្យបានយល់ដឹងកាន់តែច្បាស់ពីលទ្ធិប្រជាធិបតេយ្យតាមរយៈ ការបោះឆ្នោត។  

លោក ស៊ុំ ប៊ុនហុង ក៏បានបញ្ជាក់ផងដែរថា ការបោះឆ្នោត គឺជាផ្នែកមួយដ៏សំខាន់ដែលអាចជួយឱ្យអ្នកបោះឆ្នោតជ្រើសរើសបានអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទៈរបស់ខ្លួនដោយសន្តិវិធីគ្មានការប្រើអំពើហិង្សា ធ្វើឱ្យអ្នកដឹកនាំមានការទទួលខុសត្រូវផ្ទាល់ ចំពោះប្រជាពលរដ្ឋលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ អនុវត្តសិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ធានាការពារការប្រតិបត្តិសិទ្ធិសេរីភាពទាំងអស់របស់បុគ្គលគ្រប់ៗរូប អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ស៊ុំ ប៊ុនហុង ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលមានបិទផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយតាម គេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន Voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរស័ព្ទ (App) NEC KH ឱ្យបានគ្រប់ៗគ្នាកុំបីអាក់ខាន៕