(ស្វាយរៀង)៖ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងវត្តតាស្អាង ភូមិតាសាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលចំណាយថវិកាសាងសង់ចំនួន ៨២០,៧៥៨,០០០រៀល។

ពិធីនេះមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា អភិបាលខេត្ត អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង មន្ត្រីរាជការ ប្រជាពលរដ្ឋប្រមាណជាង៦០០នាក់។

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិតបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង ដែលថ្នាក់ដឹកនាំទាំង៣ តែងតែនឹករលឹកដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងទាំងមូលក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចម្លង ស្រុកស្វាយជ្រំផងដែរ។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់យករបបរាជានិយម តាំងពីបរមបុរាណមកម្ល៉េះ សព្វថ្ងៃនេះ កម្ពុជាកំពុងអនុវត្តរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងច្រើនតែនិយាយថាស្ថាប័នជាតិ និងស្ថាប័ន ព្រះមហាក្សត្រស្ថិតនៅខាងអាណាចក្រ។ ចំណែកឯស្ថាប័នសាសនា ស្ថិតនៅខាងពុទ្ធចក្រព្រោះយើងកាន់សាសនាព្រះពុទ្ធ ឬពុទ្ធសាសនា។

ទេសរដ្ឋមន្ត្រី បានបន្ថែមថា ការដែលលោករំលឹកបែបនេះ គឺចង់បញ្ជាក់ថារាល់ការស្ថាបនា និងការអភិវឌ្ឍខាងអាណាចក្រ គឺជាបន្ទុករបស់ថវិកាជាតិ។ ចំពោះការស្ថាបនា និងការអភិវឌ្ឍខាងពុទ្ធចក្រវិញ នោះគឺជាបន្ទុករបស់ថវិកាឯកជនដែលបានមកដោយសារការជួយឧបត្ថម្ភពីសំណាក់សប្បុរសជន ដែលជាពុទ្ធបរិស័ទជិតឆ្ងាយ។ 

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានបន្តថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភាត្រង់ទំព័រទី៣៥ថា អភិវឌ្ឍយុវជន លើគ្រប់ទិដ្ឋភាពនិងតាមគ្រប់រូបភាពរួមមាន៖ ការបណ្ដុះបណ្តាលយុវជនឱ្យក្លាយជាពលរដ្ឋល្អ មានបំណិន មានបុគ្គលិកលក្ខណៈពេញលេញ ទាំងផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងតម្លៃ មាន ស្មារតីស្រឡាញ់ជាតិ សកម្មចូលរួមក្នុងការកសាងការពារមាតុភូមិ និងការអភិវឌ្ឍសង្គម ព្រមទាំងការ លើកកម្ពស់ការអប់រំភាពជាពលរដ្ឋសកល ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ វិន័យ សីលធម៌ ចរិយាសម្បត្តិ ការគិតបែបវិជ្ជមាន ចេះស្រឡាញ់គ្រួសារ វប្បធម៌ ប្រពៃណី ជាតិមាតុភូមិ ដែលជាបំណងប្រាថ្នារបស់ឪពុកម្តាយ សង្គមជាតិ និងនិយោជក។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមស្វែងយល់ហើយគាំទ្រព្រមទាំងចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ដូចការគាំទ្រ ដែលធ្លាប់បានផ្តល់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះផងដែរ។

បន្ថែមលើសពីនេះ លោកណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរដល់វត្តតាស្អាង គឺការកសាងបាននូវបណ្តាសំណង់សំខាន់ៗប្រកបដោយសោភ័ណភាពដ៏ល្អតាមបែបស្ថាបត្យកម្មសម័យដើម ដែលចោលរាងសមសួន ហើយត្រូវបានមតិមហាជនសរសើរ និងទទួល ស្គាល់ថាជាសំណង់មានលក្ខណៈត្រឹមត្រូវតាមរចនាបទខ្មែរបូរាណពិតប្រាកដ។

លោកបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាជួសជុលការពារបណ្ដាសំណង់ក៏ដូចជាទីវត្តអារាមទាំងមូលដោយចាត់ទុកថាសេនាសនភ័ណទាំងនេះ គឺជាទ្រព្យសម្បត្តិវប្បធម៌រួមរបស់មាតុភូមិកម្ពុជាយើងទាំងអស់គ្នា៕