(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិក ព្រឹទ្ធសភា ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលកំពង់ធំ សួរសុខទុក្ខដល់មាតាបិតា និងប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលជួបការលំបាកជីវភាពខ្វះខាតចំនួន២៥នាក់ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកកំពង់ស្វាយ។

លោកស្រី ឃួន ឃុនឌី លើកឡើងថាលោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានជួបសំណេះសំណាលសួរសុខទុក្ខដល់ក្មួយៗថ្នាក់ទី១២ ព្រមទាំងមាតា បិតាដែលជួបបញ្ហាការលំបាកជីវភាពព្រមទាំងការសិក្សារៀនសូត្ររបស់ក្មួយៗត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលដ៏ខ្លីខាងមុខនេះ។

ក្នុងនាមជាថ្នាក់ដឹកនាំសូមផ្ដែផ្ដាំដល់ក្មួយៗទាំងអស់ លោកស្រី ឃួន ឃុនឌី បានបន្ថែមថា «យើងក្រតែជីវភាពទេប៉ុន្តែយើងមិនក្រចំណេះឡើយ»។ ដូច្នេះប្អូនៗត្រូវតែខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពនិងសមត្ថភាពពីព្រោះការលំបាកនេះវាបានធ្វើឱ្យក្មួយជំនះនិងមានភាពរឹងមាំហើយអ្វីដែលយើងទទួលបានពីការតស៊ូនេះធ្វើឱ្យយើងមានសមត្ថភាព សេចក្តីថ្លៃថ្នូ ភាពជោគជ័យហើយត្រូវបានសង្គមទទួលស្គាល់និងផ្ដល់តម្លៃដល់ប្អូនៗក្មួយៗខ្ពស់បំផុត។ ប្រសិនបើអ្វីដែលយើងទទួលបានវាងាយស្រួលពេកនោះវានឹងធ្វើឱ្យយើងទន់ជ្រាយហើយក៏ងាយនិងបាត់បង់ទៅវិញផងដែរ»

លោក សួស យ៉ារ៉ា បានលើកឡើងថា «ក្រតែជីវភាព តែមិនក្រចំណេះ» ពិតជាអនុសាសន៍ដ៏ល្អថ្លៃថ្លា ហើយជាប្រទីបបង្ហាញផ្លូវ និងការលើកទឹកចិត្តដល់ប្អូនៗ ជាកូន ជាចៅ ឱ្យមានស្មារតីរឹងមាំកុំបាក់ទឹកចិត្តនិងប្រឹងប្រែងរៀនសូត្រពីព្រោះមានតែចំណេះដឹងនេះហើយដែលជាមាគ៌ាដឹកនាំប្អូនៗឆ្ពោះទៅរកអនាគតភ្លឺស្វាងក្លាយខ្លួនជាទំពាំងដែលពោរពេញទៅដោយចំណេះដឹងនិងជំនាញច្បាស់លាស់។

លោកបានបន្តថា អ្វីដែលប្អូនៗក្មួយៗត្រូវគិតនៅពេលនេះគឺ «ការងារ និងចំណូល» ហើយរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងបង្កើតឡើងនៅគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសឱ្យបានទូលំទូលាយដើម្បីជំរុញដល់សិស្សនិស្សិតទាំងអស់ ឱ្យទទួលបាននៅជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេសតាមកម្រិតស្តង់ដារ។ ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់កញ្ចប់ថវិកា ១០០លានដុល្លារ សម្រាប់ជួយគាំទ្រដល់វិស័យកសិកម្មដែលតម្រូវឱ្យមានក្រុមការងារជំនាញកសិកម្មចុះដល់មូលដ្ឋានភូមិឃុំដើម្បីធ្វើយ៉ាងណាជំរុញឱ្យវិស័យកសិកម្មនេះមានភាពល្អប្រសើរ ព្រមទាំងបង្កើនការផលិតឱ្យបានទិន្នផលខ្ពស់ និងទទួលស្គាល់ជាលក្ខណៈស្តង់ដារ ហើយនេះជាអ្វីដែលប្អូនៗត្រូវតែសម្លឹងមើលឱ្យបានវែងឆ្ងាយដើម្បីចាប់យកជំនាញបច្ចេកទេសព្រមទាំងឱកាសការងារថ្លៃថ្នូរ និងសមរម្យសម្រាប់អនាគត។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថា ក្មួយៗណាម្នាក់ទទួលបាននិទ្ទេសA លោកនឹងផ្ដល់រង្វាន់កុំព្យូទ័រ Laptop ១គ្រឿង ហើយប្រសិនបើមិនទទួលបាននិទ្ទេសល្អទេហើយជាប់ទាំងអស់គ្នាលោកនឹងធ្វើពិធីជប់លៀងដល់ក្មួយៗឱ្យបានសមរម្យ។

សូមបញ្ជាក់ថាប្រាក់ឧបត្ថម្ភដែលទទួលបានសម្រាប់ប្អូនៗម្នាក់ចំនួន៤០ម៉ឺនរៀល និងកាបូបស្ពាយ១ ហើយមាតាបិតាសិស្សទទួលបានសោហុយធ្វើដំណើរម្នាក់ ៥ម៉ឺនរៀល និងក្រមា១៕