(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ គឺធ្វើតាមបន្ទាត់នយោបាយរបស់គណបក្សនយោបាយពីអាណត្តិមុនៗ ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ តាមរយៈការជួយបណ្តុះធនធានមនុស្សលើគ្រប់វិស័យទាំងអស់ មិនមែនត្រឹមតែវិស័យកាត់ដេរនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គោលនយោបាយដែលយើងដាក់ចេញ និងធ្វើកិច្ចការងារនៅក្នុងអាណត្តិទី៧នេះ គឺធ្វើតាមបន្ទាត់នយោបាយរបស់គណបក្សនយោបាយពីអាណត្តិមុនៗ ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋយើង ជាពិសេសកម្មករ-កម្មារិនី ដែលជាកម្លាំងមួួយដ៏ធំ នៅក្នុងវិស័យឧស្សាហកម្មរបស់យើង ក្រៅពីនោះក៏មិនមែនតែក្នុងវិស័យឧស្សាហកម្ម កាត់ដេរ វាយនភណ្ឌនោះដែរ វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យធនាគារ និងវិស័យផ្សេងៗទៀត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធ្វើដូចនេះដើម្បីពង្រឹង និងជម្រុញបន្ថែ​មទៀត ព្រោះយើងត្រូវតែធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋត្រូវតែមានម្ចាស់ការ ប្រទេសកម្ពុជាត្រូវតែមានម្ចាស់ការ ព្រោះតែប្រជាពលរដ្ឋត្រូវតែមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ចគ្រប់ទាំងអស់វិស័យទាំងអស់ តាមរយៈការបណ្តុះបណ្តាលឱ្យមានជំនាញច្បាស់លាស់លើគ្រប់វិស័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹក ក្នុងកំឡុងពេលដែលសម្តេចបានចេញទៅក្រៅប្រទេសលើកដំបូងក្នុងកំឡុងឆ្នាំ១៩៩០ ឃើញថា អ្វីក៏ត្រូវតែធ្វើការនាំចូលមកប្រទេសកម្ពុជា សូម្បីតែភេសជ្ជៈ សម្លៀកបំពាក់ ក៏មិនមានផលិតនៅកម្ពុជាដែរ គឺធ្វើការនាំចូលទាំងអស់គ្រប់ផលិតផល តែមកដល់ពេលបច្ចុប្បន្ននេះកម្ពុជាមានសមត្ថភាពផលិតខ្លួនឯង និងអាចនាំចេញបានថែមទៀត ហើយសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំណង់អគារក៏មានគ្រប់ទីកន្លែងផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរ សម្រាប់ប្រាក់ខែរបស់កម្មករ និយោជិក នៅក្នុងប្រទេសកម្ពុជា បើធៀបទៅនឹងប្រាក់ខែកម្មករ និយោជិក នៅតាមបណ្តាលប្រទេសជិតខាង គឺកម្ពុជាមិនមែននៅទាបប៉ុន្មាននោះទេ និងមានប្រទេសខ្លះមានប្រាក់ខែទាបជាប្រទេសកម្ពុជាទៀតផង ខណៈពេលដែលក្នុងកំឡុងពេលកូវីដ១៩ ប្រាក់ខែរបស់កម្មករ និយោជិក នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងថែមទៀត ទោះបីក្នុងចំនួនមួយតិចតួច តែសម្រាប់ប្រទេសមួយចំនួនមានតែថយចុះផងដែរ៕