(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងអភិវឌ្ឍមិនឈប់ឈរនោះឡើយ ដើម្បីធ្វើយ៉ាងណាផ្តល់ផលប្រយោជន៍ និងធ្វើឱ្យជីវភាពប្រជាជនកាន់តែមានបាន រីកចម្រើន និងសម្បូរបែបពីមួយជំនាន់ ទៅមួយជំនាន់។

ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន ១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនចង់បានត្រឹមតែប៉ុណ្ណឹងទេ ចង់បានក្មួយៗកាន់តែសម្បូរបែប ប្រាក់ខែគាត់កាន់តែកើនខ្ពស់ជាងឪពុក ម្តាយ លទ្ធភាពកាន់តែខ្ពស់ […] អញ្ចឹងបានការអភិវឌ្ឍគឺនឹងធ្វើមិនឈប់ឈរ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយើងកាន់តែរីកចម្រើនសម្បូរបែប ហើយជំនាន់បងប្អូន ជំនាន់កូនចៅបងប្អូនកាន់តែសម្បូរបែប»

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ប្រសិនប្រជាពលរដ្ឋចង់ឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍ មានការរីកម្រើន និងសម្បូរពីមួយជំនាន់ទៅមួយជំនាន់នោះ គឺដរាបណាប្រជាពលរដ្ឋនៅតែទុកចិត្ត និងផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកម្ពុជា នោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំបន្តអនុវត្តគោលនយោបាយដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានបាន នេះហើយការអភិវឌ្ឍ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។ សម្តេចធិបតីថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋកាន់តែរីកចម្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការអភិវឌ្ឍ គឺជាការកែប្រែអ្វីដែលមានផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។

សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចធ្វើអ្វីៗ ដើម្បីបក្ខពួករបស់សម្តេច នោះគឺប្រជាពលរដ្ឋខ្មែរទាំង ១៧លាននាក់ មិនមែនអ្នកមានអំណាចមួយក្តាប់តូចដូចការចោទប្រកាន់ឡើយ៕