(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ ត្រូវយកចំណេះជំនាញ និងបទពិសោធន៍របស់ខ្លួន ទៅអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់ទម្រង់។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសឧត្តមសេនីយ៍ឯក អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បិទវគ្គបំប៉នជំនាញ ស្តីពីការស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងសម្អាតប្រាក់, នីតិវិធីនិងច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់វរសេនីយ៍ឯក ហុង វណ្ណរិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ការសិក្សាដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ សិក្ខាកាមបានយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់គ្រូឧទ្ទេស និងទទួលបានចំណេះជំនាញល្អ និងមធ្យម។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឯកភាពតាមរបាយការណ៍ និងបានកោតសរសើរដល់សិក្ខាកាម និងថ្លែងអំណរគុណដល់គ្រូបង្គោលទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងលើកកម្ពស់មន្ត្រីអនុវត្តច្បាប់របស់យើងឱ្យកាន់តែមានចំណេះ និងជំនាញ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននេះ ឲ្យស្របទៅនឹងរាជរដ្ឋាភិបាលនីតិកាលទី០៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រីនៃកម្ពុជា ជាប្រមុខបានប្តេជ្ញាចិត្ត និងបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិភាព និងស្របតាមអនុសាសន៍ដឹកនាំរបស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតី កងកម្លាំងជួរមុខ, ការបំប៉នជំនាញ វិជ្ជាជីវៈ, ការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន តាមរយៈការបើកវគ្គបណ្តុះបណ្តាល គឺជាការចាំបាច់បំផុត និងដោយអនុវត្តតាមផែនការ ដែលបានគ្រោងទុកឱ្យស្របទៅ និងផែនការយុទ្ធសាស្ត្រ របស់អគ្គស្នងការនគរបាលជាតិ សម្រាប់ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា សិក្ខាកាមដែលបានបញ្ចប់វគ្គនេះ ត្រូវយកចំណេះជំនាញ និងបទពិសោធន៍ និងក្នុងនាមជាមន្ត្រីអនុវត្តច្បាប់របស់មន្ទីរប្រឆាំងគ្រឿងញៀន ទៅបំរើឲ្យមានផលប្រយោជន៍ និងប្រសិទ្ធភាពដល់ការិយាល័យ សំដៅការលុបបំបាត់ការផលិត ការជួញដូរ ការចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនគ្រប់រូបភាពនិងគ្រប់ទម្រង់។

លោកឧត្តមសេនីយ៍ឯកបន្តថា វគ្គបំប៉នជំនាញនេះនឹងមានជាបន្តបន្ទាប់សម្រាប់មន្ត្រីអនុវត្តច្បាប់ ឬបើកវគ្គសម្រាប់តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តផងដែរ៕