(បន្ទាយមានជ័យ)៖ កម្ពុជា-ថៃ រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស តាមរយៈមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា ខេត្តបន្ទាយមានជ័យ ដែលមានទីតាំង ស្ថិតនៅចំកណ្ដាល ក្រុងប៉ោយប៉ែត មិនឆ្ងាយពីមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

គម្រោងនេះ ជាសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ដោយមានអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ, ក្រសួងការបរទេសថៃ សហការជាមួយ ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខរបស់មនុស្សប្រទេសថៃ ព្រមទាំងស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមគ្នាដំណើរការសាងសង់ និងបានបញ្ចប់ការសាងសង់ ជាស្ថាពរកាលពីខែសីហា ឆ្នាំ២០២៣។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានប្រគល់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា ខេត្តបន្ទាយមានជ័យជាផ្លូវការ ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា ត្រូវបានបង្កើតឡើង ដោយមានគោលបំណង ដើម្បីជួយដោះស្រាយបញ្ហា ការជួញដូរមនុស្សនៅកម្ពុជា និងក្នុងតំបន់ ដោយមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ រួមនិងការស្តារសុខភាពផ្លូវចិត្ត ដល់ជនរងគ្រោះ ដើម្បីធ្វើសមាហរណកម្ម នៅពេលធ្វើមាតុភូមិនិវត្តន៍ និងរួចផុតពីអំពើជួញដូរមនុស្សដោយនិរន្តភាព។

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំប្រតិភូ នៃអង្គភាពដៃគូសហប្រតិបត្តិការអន្តរជាតិប្រចាំប្រទេសថៃ បានចុះត្រួតពិនិត្យដំណើរការសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

ប្រតិភូ នៃអង្គភាពដៃគូសហប្រតិបត្តិការអន្តរជាតិប្រចាំប្រទេសថៃ មានដូចជា៖ ស្ថានទូតអូស្រ្តាលីប្រចាំថៃ អង្គការអភិវឌ្ឍអន្តរជាតិ របស់អាមេរិក ការិយាល័យតំបន់អាស៊ី, ការិយាល័យ JICA ប្រចាំជប៉ុន និងការិយាល័យ ដើម្បីការអភិវឌ្ឍរបស់ប្រទេសបារាំង ព្រមទាំងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំថៃ ព្រមទាំងតំណាងមន្ទីរសុខាភិបាល ខេត្តស្រះកែវ។

ការចុះត្រួតពិនិត្យនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីមន្រ្តីជាន់ខ្ពស់របស់ភាគីកម្ពុជារួមមាន៖ លោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា, លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចត ខេត្តបន្ទាយមានជ័យ។

មជ្ឈមណ្ឌលសំចតនេះ ជាមណ្ឌលសំចតដំបូងដែលភាគីថៃ បានប្រគល់ដល់ប្រទេសជិតខាង ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ លុបបំបាត់អំពើជួញដូរមនុស្ស។ មជ្ឈមណ្ឌល នឹងក្លាយជាមជ្ឈមណ្ឌល កណ្ដាល ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តភាព ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សក្នុងតំបន់ និងជាមណ្ឌលបង្រួបបង្រួមផ្សះផ្សាគ្រប់ភាគី ដើម្បីអភិវឌ្ឍន៍ជីវិត និងជីវភាពរបស់ប្រជាជននាពេលអនាគត៕