(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ដអំពាវនាវ ដល់បងប្អូនម្ចាស់ផ្ទះជួលទាំងអស់ សម្រាប់កម្មករនិយោជិត សូមកុំដំឡើងថ្លៃបន្តទៀត។

ការបន្ដអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន​​១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដល់បងប្អូន ដែលជាម្ចាស់ជួល សូមដំឡើងថ្លៃ ដែលប៉ះពាល់ខ្លាំងពេក ដល់បងប្អូនកម្មករវិយោជិត ព្រោះថា ប្រាក់ខែឡើងបានតិចតួច [...] រដ្ឋនឹងជួយតាមរូបភាព អ្វីដែលអាចធ្វើបាន»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួល ដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ហើយនឹងបង្កើនការជួយសម្រួលដល់ការចំណាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសដទៃបានដំឡើងថ្លៃទំនិញផ្សេង ដោយសារអតិផរណា ប៉ុន្តែកម្ពុជាខិតខំរក្សាតម្លៃដដែល ជាពិសេសអគ្គិសនី។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង៕