(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំង ក្នុងការជួយរក្សាតម្លៃទំនិញលើទីផ្សារ ដើម្បីធ្វើយ៉ាងណាជួយសម្រាលជីវភាព របស់បងប្អូនប្រជាពលរដ្ឋត្រូវចំណាយប្រចាំថ្ងៃ ក្នុងគ្រាសេដ្ឋកិច្ចពិភពលោកជួបបញ្ហា ធ្វើឱ្យអត្រាអតិផរណាកើនឡើង។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក ដោយសារតែវិបត្តិសេដ្ឋកិច្ច បានដំឡើងថ្លៃអគ្គិសនី ប៉ុន្តែសម្រាប់កម្ពុជាវិញ ទោះបីត្រូវខាតក្នុងមួយឆ្នាំរាប់លានដុល្លារក្តី ក៏មិនដំឡើងថ្លៃដែរ គឺដើម្បីសម្រាលដល់ជីវភាព របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា សង្គ្រាមរវាងអ៉ីស្រាអែល និងពួកហាម៉ាស់ មិនបានធ្វើឱ្យតម្លៃទំនិញឡើយថ្លៃទៅចុះ ដែលនាំឱ្យប៉ះពាល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅរោងចក្រសហគ្រាសចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រីលើកឡើងដូច្នេះថា «កម្ពុជាយើងខិតខំរក្សាតម្លៃទំនិញ មានការឡើងថ្លៃយើងទទួលស្គាល់ ប៉ុន្តែយើងបានទប់ច្រើនណាស់ ពិសេសរឿងតម្លៃភ្លើង រដ្ឋសុខចិត្តខាត ដើម្បីធានានូវបៀវត្ស ហើយខិតខំពង្រីកនូវប្រភពថាមពលរបស់យើង ពីថាមពលកកើតឡើងវិញ មានវារីអគ្គិសនី ពីសូឡាជាដើម ធ្វើយ៉ាងណា ធានានូវការផ្គត់ផ្គង់អគ្គិសនី បើមិនអីចឹងទេ ពឹងលើខ្យូងថ្ម និងឧស្ម័នធម្មជាតិ គឺសុទ្ធតែនាំចូល បើគេវាយគ្នាតែនៅរុស្ស៉ី ក៏ភ្លើងនៅយើងឡើងដែរ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឱ្យជីវភាព របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ហើយរាជរដ្ឋាភិបាល នឹងបន្តធ្វើសកម្មភាពមិនឈប់ឈរ ដើម្បីជួយឱ្យជីវភាពប្រជាជនកាន់តែមានបាន។

សូមជម្រាបថា ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនី និងការនាំចូលអគ្គិសនីពីប្រទេសជិតខាង មានការកើនឡើងជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចេញថ្លៃខាតលើអគ្គិសនីជិត ២០០លានដុល្លារអាមេរិក។ បើទោះជាខាតបង់ ក៏រាជរដ្ឋាភិបាលមិនដំឡើងថ្លៃអគ្គិសនីដែរ៕