(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយតបចំពោះការចោទប្រកាន់ថា សម្តេចអភិវឌ្ឍប្រទេសតែសម្រាប់បក្ខពួក និងអ្នកមានអំណាចប៉ុណ្ណោះ។ ចំពោះការចោទប្រកាន់នេះ សម្តេចបកស្រាយថា បក្ខពួករបស់សម្តេច គឺប្រជាជនកម្ពុជា ១៧លាននាក់ ហើយអ្នកដែលមានអំណាចនៅក្នុងចិត្តរបស់សម្តេច នោះគឺប្រជាពលរដ្ឋខ្មែរតែម្តង។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ។

មុនមានការបកស្រាយបែបនេះ ក្រុមប្រឆាំងបានវាយប្រហារចំពោះប្រជាប្រិយភាពរបស់សម្តេចតាមបណ្តាញវិទ្យុរបស់ពួកគេ ដោយចោទថា ធ្វើការអភិវឌ្ឍប្រទេសសម្រាប់តែបក្ខពួកសម្តេច និងអ្នកមានអំណាច។

សម្តេចបានបកស្រាយដូច្នេះថា៖ «សម្រាប់ខ្ញុំ គឺខ្ញុំផ្តល់សម្រាប់បក្ខពួកខ្ញុំ ១៧លាននាក់​ ហើយអ្នកមានអំណាច គឺប្រជាពលរដ្ឋហ្នឹងឯង ដែលជាអ្នកមានអំណាចផ្តល់សិទ្ធិ ផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស»

សម្តេចបានចាត់ទុកក្រុមប្រឆាំងទាំងនោះថា មើលការដឹកនាំរបស់សម្តេចក្នុងទស្សនៈចង្អៀតចង្អល់ ហើយការមើលដោយចង្អៀតចង្អល់នេះហើយ ទើបគណបក្សរបស់ពួកគេមិនដែលទទួលជ័យជំនះ។

សម្តេចបានបន្ថែមថា បើសិនជាប្រជាពលរដ្ឋមិនផ្តល់ការគាំទ្រគណបក្សប្រជាជនកម្ពុជា ម្តេចក៏ការបោះឆ្នោតកន្លងទៅនេះ មានប្រជាពលរដ្ឋជាង៨២ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោត បានផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបម្រើពួកគាត់៕