(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានប្រគល់លិខិតសសើរជនជាតិជប៉ុនចំនួន២រូប ដែលបានរួមចំណែកជំរុញការអប់រំភាសាជប៉ុន នៅកម្ពុជា ជាពិសេសបានជំរុញលើក​ចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ពិធីប្រគល់លិខិតសសើរនេះបានធ្វើឡើងនារាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅនិវេសនដ្ឋានស្ថានទូតជប៉ុន ប្រចាំកម្ពុជា ក្រោមវត្តមានលោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ជនជាតិជប៉ុន ដែលទទួលបានលិខិតសសើរពីរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ទាំង២រូបរួមមាន៖

លោកស្រី អូនិ ហ៊ុហ្វូមិ ប្រធានវិទ្យាស្ថានវប្បធម៌ជប៉ុន-អន្តរជាតិ បានចូលរួមចំណែកក្នុងការជំរុញការអប់រំភាសាជប៉ុន នៅប្រទេសកម្ពុជា។ ក្នុងឆ្នាំ១៩៩៥ លោកស្រី អូនិ ហ៊ីហ្វូមិ បានបង្កើតសាលាភាសាជប៉ុនហ៉ិហ្វូមិ នៅក្នុងខេត្តសៀមរាប ហើយលោកស្រីបានធ្វើការងារពាក់ព័ន្ធនឹងការអប់រំ ភាសាជប៉ុន និងការផ្លាស់ប្តូរវប្បធម៌សម្រាប់រយៈពេលជិត៣០ឆ្នាំហើយ។

សាលានេះបានផ្ដល់មិនត្រឹមតែការអប់រំភាសាជប៉ុនប៉ុណ្ណោះទេ ថែមទាំងការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រការស្វែងរកការងារ សម្រាប់យុវជនវ័យក្មេងដែលពុំទទួលបានការអប់រំ ឬគ្មានការងារ។ ចំនួនសិស្សដែលបានចូលរៀនបានកើនឡើងជាលំដាប់ ហើយរហូតមកទល់ពេលនេះមានជាង ៣,០០០នាក់ហើយ។ ភាគច្រើននៃសិស្សទាំងនោះមានសកម្មភាពយ៉ាងរស់រវើកក្នុងវិស័យនានាដូចជាទេសចរណ៍ លានណុបដ្ឋាយិកា និងអប់រំផងដែរ។

លោក ហ្វូគូដា តុម៉ុហ្វិកុ គ្រូបង្រៀងភាសាជប៉ុន បានចូលរួមចំណែកក្នុងការជំរុញការអប់រំភាសាជប៉ុននៅប្រទេសកម្ពុជា។ ក្នុងឆ្នាំ១៩៩៧ លោកត្រូវបានបញ្ជូនមកបំពេញការងារនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនាមជាគ្រូបង្រៀនភាសាជប៉ុន តាមរយៈអ្នកស្ម័គ្រចិត្តសហប្រតិបត្តិការក្រៅប្រទេសជប៉ុន របស់ JICA (JOCV) ដែលនៅទីនោះហើយ លោកបានបំពេញការងារក្នុងការជំរុញ និងអភិវឌ្ឍការអប់រំភាសាជប៉ុន បន្តដែលបានផ្អាកចាប់តាំងពីឆ្នាំ១៩៧៤ ក្រោយពីលោកបានបញ្ចប់បេសកកម្មជាអ្នកស្ម័គ្រចិត្ត លោកក៏នៅតែបន្តចូលរួមយ៉ាងសកម្មពាក់ព័ន្ធនឹងការអប់រំភាសាជប៉ុន នៅប្រទេសកម្ពុជា នៅតាមស្ថាប័នមួយចំនួនក្នុងនោះរួមមាន៖ ដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំអំពីច្បាប់ជប៉ុន (CJL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ឯកអគ្គរាជទូតជប៉ុន បានសូមសម្តែងនូវអំណរសាទរចំពោះ លោកស្រី អូនិ ហ៊ិហ្វូមិ និងលោក ហ្វូគូដា តុម៉ុហ្វិកុ ក្នុងឱកាសទទួលលិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុនឆ្នាំ២០២២។

លោក អ៊ូអិណូ អាត់ស៊ូស៊ី បានបង្ហាញពីស្នាដៃរបស់លោកស្រី អូនិ និងលោក ហ្វូគូដា ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា និងការលើកកម្ពស់ការអប់រំភាសាជប៉ុន។ ក្នុងឆ្នាំ១៩៩៥ លោកស្រី អូនិ ហ៊ិហ្វូមិ បានបង្កើតសាលាភាសាជប៉ុន «ហ៊ិហ្វូមិ» និងបណ្ណាល័យ នៅក្នុងខេត្តសៀមរាប ហើយបានធ្វើការងារពាក់ព័ន្ធនឹងការអប់រំភាសាជប៉ុន និងការផ្លាស់ប្តូរវប្បធម៌ សម្រាប់រយៈពេលជិត៣០ឆ្នាំហើយ។ ក្រៅពីការអប់រំភាសាជប៉ុន លោកស្រីក៏បានផ្ដល់ការគាំទ្រការស្វែងរកការងារ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់កុមារ និងយុវជនវ័យក្មេង ដែលពុំមានឱកាសទទួលបានការអប់រំ ឬគ្មានការងារ។ មកទល់ពេលនេះចំនួនសិស្សមានលើសពី ៣០០០នាក់ ដែលភាគច្រើនចូលរួមយ៉ាងសកម្មក្នុងវិស័យនានាដូចជា៖ ទេសចរណ៍ គិលានណុបដ្ឋាយិកា និងអប់រំ។

លោកស្រីអូន ក៏បានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់គុណភាពនៃការអប់រំភាសាជប៉ុននៅកម្ពុជាផងដែរ តាមរយៈការរៀបចំសិក្ខាសាលាអប់រំភាសាជប៉ុន សម្រាប់អ្នកជំនាញ និងគ្រូបង្រៀនភាសាជប៉ុន ជនជាតិខ្មែរ និងរៀបចំផែនការការប្រឡងប្រជែងភាសាជប៉ុនអង្គរវត្តជាដើម។ បន្ថែមពីនេះ លោកស្រីក៏មានតួនាទីជាអ្នកតំណាងកន្លែងហ្វឹកហាត់កីឡាការ៉ាតេ និងកីឡាយូដូ ព្រមទាំងបានប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងបង្កើតការយល់ដឹងអំពីវប្បធម៌ជប៉ុន។

ចំណែកលោក ហ្វូគូដា តុម៉ុហ្វិកុ ក្នុងឆ្នាំ១៩៩៧ ត្រូវបានបញ្ជូនមកបំពេញការងារនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនាមជាគ្រូបង្រៀនភាសាជប៉ុនតាមរយៈអ្នកស្ម័គ្រចិត្តសហប្រតិបត្តិការក្រៅប្រទេសជប៉ុន របស់អង្គការ JICA(JOCV) ដែលទីនោះហើយលោកបានបំពេញការងារក្នុងការជំរុញ និងអភិវឌ្ឍការអប់រំភាសាជប៉ុន នៅកម្ពុជា ក្រោយពីត្រូវបានផ្អាកដោយសារសង្គ្រាមស៊ីវិលតាំងពីឆ្នាំ១៩៧៤។

លោកក៏បានចូលរួមចំណែកក្នុងសកម្មភាពផ្សព្វផ្សាយភាសា និងវប្បធម៌ជប៉ុន នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ដូចជាការចូលរួមជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីផ្សព្វផ្សាយវប្បធម៌ និងភាសាជប៉ុន (Sakura Caravan) ដែលជាកម្មវិធីវប្បធម៌ឧបត្ថម្ភដោយមូលនិធិជប៉ុន។

លោក អ៊ូអិណូ អាត់ស៊ូស៊ី បានបង្ហាញក្តីសង្ឃឹមថា ការអប់រំភាសាជប៉ុននៅកម្ពុជានឹងបន្តរីកចម្រើនបន្ថែមទៀត ហើយតាមរយៈសកម្មភាពរបស់លោកទាំងពីរសិស្សានុសិស្សជាច្រើននឹងក្លាយជាស្ពានមិត្តភាពរវាងជប៉ុន និងកម្ពុជា ព្រមទាំងយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ជោគជ័យជាច្រើនឆ្នាំរបស់លោកទាំងពីរនៅកម្ពុជា ជាពិសេសការបង្រៀនយ៉ាងយកចិត្តទុកដាក់ និងមិត្តភាពចំពោះកុមារ និងកូនសិស្ស មិនត្រឹមតែបានជួយបង្កើនកម្រិតនៃការអប់រំភាសាជប៉ុន នៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ជប៉ុនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរួមចំណែកយ៉ាងធំធេងដល់ការ អភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី។

លិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ផ្ដល់ជូនចំពោះបុគ្គល ឬក្រុមដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់លើការជំរុញចំណង មិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា៕