(ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក បន្ដសហការគ្នា និងចែករំលែកចំណេះដឹងទៅវិញទៅមក អភិវឌ្ឍជំនាញកាន់តែប្រសើរ ដើម្បីផ្ដល់សេវាថែទាំ ព្យាបាល បង្ការ ប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ។

ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងពិធីប្រកាសបើកសន្និសីទរោគកុមារលើកទី៥ របស់មន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួម ពីលោកញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមាជាតិ និងជាទីប្រឹក្សាក្រសួងសុខាភិបាល លោក សុង យ៉ុងហ្គុន (SONG Yonggun) ប្រធានអង្គការ KOFIH ប្រចាំកម្ពុជា មន្ត្រីរាជការនៃមន្ទីរពេទ្យកុមារជាតិ និងមន្ត្រីរាជការ
តាមបណ្ដាលខេត្ដជាច្រើនរូបទៀត។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា សន្និសីទនេះជាផ្នែកមួយដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់បុគ្គលិកសុខាភិបាល តាមរយៈការផ្លាស់ប្តូរ បទពិសោធន៍នៃការអនុវត្តគ្លីនិក រវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារកនិងកុមារឲ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និង ទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជាយើង ព្រមទាំងការចងភ្ជាប់នូវទំនាក់ទំនងរវាងគ្នានិងគ្នាក្នុងវិស័យសុខាភិបាលតែមួយ។

លោកស្រីសាស្ត្រាចារ្យបានបន្តថា ការពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលបន្ត ដល់អ្នកផ្តល់សេវាសុខាភិបាល គឺជាផ្នែកមួយនៃការអភិវឌ្ឍគុណភាពសេវាសុខាភិបាល និងបង្កើនទាំងទំនាក់ទំនងល្អជាសហភាតរៈ។

លោកស្រីសាស្ត្រាចារ្យបានបន្តទៀតថា «ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមក្រសួងសុខាភិបាល ព្រមទាំងរាជរដ្ឋាភិបាល ពិតជាចង់ឃើញសកម្មភាពបែបនេះមានជាបន្ត ក្នុងភាពសហការជាសហភាតរៈ សាមគ្គីភាពដើម្បីអភិវឌ្ឍ»។

តាមរយៈសកម្មភាពនេះ ក៏បានសរបញ្ជាក់ឱ្យឃើញថា បរិយាកាសការងាររបស់មន្ទីរពេទ្យកុមារជាតិ បានយកចិត្តទុកដាក់លើកកម្ពស់ ទាំងគុណភាព សុវត្ថិភាព វប្បធម៌សហភាតរៈចំណងសាមគ្គីភាព និងផ្តល់តម្លៃអោយគ្នាទៅវិញទៅមក តាមជំនាញឯកទេសនីមួយៗក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយ ហើយក៏បង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការស្វែងយល់និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលជាវប្បធម៌ចែករំលែកប្រកបដោយសន្តិភាព និងឈានទៅរកការអភិវឌ្ឍ និងឈ្នះៗទាំងអស់គ្នា។ មន្ដ្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា «ខ្ញុំពិតជាចង់ឃើញសកម្មភាពបែបនេះកើតឡើងគ្រប់ទីកន្លែង សហភាតរៈក្នុងវិស័យសុខាភិបាល និង អ្នកពាក់ព័ន្ធផ្សេងទៀត រួមសហការ ហើយសិក្សាស្វែងយល់ពីគ្នាបែបនេះ ។ ហើយនេះជាអ្វីដែលខ្ញុំមានសេចក្តីរីករាយបំផុត»។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមាជាតិ ក៏បានថ្លែងប្តេជ្ញាថា ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ នៅតែបន្តខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងគុណភាព សមត្ថភាព និងបង្កើនមិត្តភាពជាមួយដៃគូរអភិវឌ្ឍនានា ដើម្បីផ្តល់ជូននូវសេវាសុខាភិបាលសាធារណៈដល់ប្រជាពលរដ្ឋឲ្យកាន់តែមានទំនុកចិត្ត ក្រោមយុទ្ធសាស្ត្រដឹកនាំរបស់ក្រសួងសុខាភិបាល ដែលមានលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ជាថ្នាក់ដឹកនាំដ៏ឆ្នើមក្នុងវិស័យសុខាភិបាល និងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ដែលមានចែងនៅក្នុងកិច្ចការអាទិភាពទាំង៥ នៃយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ស្តីពីការលើកកម្ពស់សុខភាពមាតា ទារក និង កុមារ។

គួរបញ្ជាក់ថា សន្និសីទនេះមានវាគ្មិនអន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកជាច្រើនបានមកចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងសន្នីសីទនេះ មានដូចជាវាគ្មិនមកពីថៃ នៃសាកលវិទ្យាល័យថាម៉ាសាត វាគ្មិនមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ និងវាគ្មិនមកពីមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កំពង់ធំ ពោធិ៍សាត់ ព្រៃវែង មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និងមន្ទីរពេទ្យមង្គលបូរី ដែលសុទ្ធតែជាអ្នកកំពុងតែបំរើការនៅផ្នែកកុមារទារក៕