(ព្រះសីហនុ)៖ គណៈប្រតិភូគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ងៀន អាញ់ ជឹក (NGUYEN ANH CHUC) អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមដំណើរជាមួយលោកស្រី មិន ចណ្ឌីណែ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានចូលជួបចូលថ្វាយបង្គំ ព្រះឧត្តមវិជ្ជា គង់ ប្រុស ព្រះមេគណស្តីទីខេត្តព្រះសីហនុ នៅសាលាគណខេត្តព្រះសីហនុ។

លោក ងៀន អាញ់ ជឹក (NGUYEN ANH CHUC) បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការសាសនា ចូលជួបថ្វាយបង្គំ និងសម្តែងការគួរសមនេះនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាឱកាសដែលលោកដឹកនាំគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

ជំនួបថ្វាយបង្គំនេះដែរ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសាសនា រវាងក្រសួងធម្មការ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គម និយមវៀតណាមផងដែរ៕