(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅក្នុងពិធីអុំទូកនាមាត់ទន្លេបាសាក់ក្រុងតាខ្មៅ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានច្រើនកុះករ ខណៈដែលព្រឹត្តិការណ៍សប្បាយរីករាយ មានទាំងការតាំងពិពណ៍ តន្ត្រីកំសាន្ត លក់ម្ហូបអាហារ ជាច្រើន បានរៀបចំតាំងពីយប់នេះទៅហើយ។

ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងការចុះពិនិត្យការងារត្រៀមរៀបចំរបស់គណៈកម្មការរៀបចំពិធីអុំទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសួនច្បារច្រមុះជ្រូក មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ លោកអភិបាលខេត្តបន្តថា នៅក្នុងព្រឹត្តិការពិធីអុំទូកនាថ្ងៃទី២៩ ខែតុលាខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំឲ្យមានការអុំទូក ដែលមានទូកមកពីបណ្ដាក្រុង-ស្រុកនានានៅក្នុងខេត្ត ហើយសុទ្ធសឹងជាទូកល្អៗមកអុំកម្សាន្ដសប្បាយនាដងទន្លេបាសាក់ក្រុងតាខ្មៅ។

ទូកដែលចូលរួមប្រណាំង មានចំនួន៧៣ទូក ក្នុងនោះមានទូកខ្នាតអន្តរជាតិនារី ចំនួន០២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំនួន៣២ទូក, ទូកអុំបុរស ចំនួន៣៤ទូក និងទូកចែវបុរស ចំនួន០៥ទូក សរុបកម្លាំងអុំ ចំនួន៤,១៥២នាក់។ លោកអភិបាលខេត្ត បានបន្ថែមថា ក្រៅពីពិធីអុំទូក រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសោភ័ណភាពនៅក្រុងតាខ្មៅ ព្រមទាំងរៀបចំស្តង់ពិពណ៌ ការប្រគុំតន្ត្រី ការបណ្ដែតប្រទីប និងបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ។

លោក គង់ សោភ័ណ្ឌ បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ច ដែលបានចែងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ត្រូវរៀបចំនូវកន្លែងស្នាក់នៅជូនដល់ចំណុះទូកទាំងអស់ ឲ្យបានសមរម្យ ប្រកបដោយអនាម័យត្រឹមត្រូវ។

ពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះដែរ លោកអភិបាលខេត្ត បានណែនាំដល់កងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើឲ្យពិធីប្រណាំងទូករបស់យើង មិនមានបាតុភាពអ្វីមួយកើតឡើងជាយថាហេតុណាឡើយ៕