(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សហការជាមួយសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (ស .អ.ក.ក-CAMKAA) រៀបចំពិធីទទួលបដិសណ្ឋារកិច្ចប្រចាំឆ្នាំ ដើម្បីអបអរសាទរខួបលើកទី២០ឆ្នាំ នៃការិយាល័យ កយកា-KOICA ប្រចំានៅកម្ពុជា ក្រោមពាក្យស្លោក «ជំរុញឆ្ពោះទៅមុខ សម្រាប់ការកសាង អនាគតឲ្យកាន់តែប្រសើរឡើង» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ពិធីទទួលបដិសណ្ឋារកិច្ចប្រចាំឆ្នាំ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ​ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងលោក Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា លោកស្រី Choi Moon Jung ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជា និងលោក អ៉ឹម សួរ ប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមបញ្ជាក់ថា សាធារណរដ្ឋកូរ៉េបានចាប់ផ្តើមផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ដល់ប្រទេសកំពុងអភិវឌ្ឍន៍តាំងពីទស្សវត្សរ៍ឆ្នាំ១៩៦០ ហើយបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១។ ជាមួយនឹងការកើនឡើងនៃបរិមាណជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ដល់ប្រទេសកម្ពុជា កយកា-KOICA បានបង្កើតការិយាល័យនៅកម្ពុជារបស់ខ្លួននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៣។ កយកា-KOICA បានចាប់ផ្តើមកម្មវិធីសហប្រតិបត្តិការជាមួយកម្ពុជា ដោយការផ្តល់ជាសម្ភារៈនិងឧបករណ៍ផ្សេងៗដល់កម្ពុជាបន្ទាប់ពីបង្កើតកយកាឡើងនៅឆ្នាំ១៩៩១។ ចាប់តាំងពីពេលនោះមក កយកា-KOICA បានពង្រីក និងធ្វើពិពិធកម្មទម្រង់ជំនួយដល់កម្មវិធីកសាងសមត្ថភាព តាមការអញ្ជើញកម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន គម្រោងភាពជាដៃគូប្រទេស និងកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត។

ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ កយកា-KOICA បានជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា តាមរយៈកម្មវិធីផ្សេងៗ ដែលមានតម្លៃប្រមាណ ៣៦៦,៥ លានដុល្លារអាមេរិក។ កយកា-KOICA នឹងប្តេជ្ញាគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាឈានទៅដល់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងឋានៈជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កយកា-KOICA បានអនុវត្តគម្រោងចំនួន៥៤ និងកម្មវិធីពិគ្រោះយោបល់ចំនួន២២ រួមទាំងការសិក្សាលទ្ធភាព បានអញ្ជើញមន្ត្រីរដ្ឋាភិបាលជាង ៣,៥០០នាក់ទៅបណ្តុះបណ្តាលនៅសាធារណរដ្ឋកូរ៉េ បញ្ជូនអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញការជាង១,៥០០នាក់ ដែលគាំទ្រក្នុងវិស័យផ្សេងៗដូចជា សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ និងសេវាសាធារណៈ។ នៅឆ្នាំ២០២៣ កយកា-KOICA បានផ្តល់ជំនួយប្រហែល ២៨,៩លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងចំនួន១៥ កម្មវិធីភាពជាដៃគូសាធារណៈនិងឯកជនចំនួន២០ កម្មវិធីអាហារូបករណ៍សកល(CIAT) កម្មវិធីអ្នកស្ម័គ្រចិត្តជាដើម។

វិស័យសហប្រតិបត្តិការជាអាទិភាពរបស់កយកា-KOICA គឺ ទី១៖សុខភាពសាធារណៈ មានដូចជា៖ សាងសង់មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មណ្ឌលសុខភាពមាតានិងទារកក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី។ ទី២៖ ការអប់រំ មានដូចជា៖ សាងសង់ និងគាំទ្រមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា(NICC) និងការបង្កើតដេប៉ាតឺម៉ង់វិស្វកម្មបរិស្ថាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លើសពីនេះទៅទៀត កយកា-KOICA បច្ចុប្បន្នកំពុងសហការជាមួយអង្គការអន្តរជាតិនានា មានដូចជា៖ ទី១៖ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ទី២៖ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលដាំដុះតាមផ្ទះ ជាមួយកម្មវិធីស្បៀងអាហារពិភពលោក(WFP) និង ទី៣៖ គម្រោងពង្រឹងគុណភាពនិងលើកកំពស់សមធម៌សេវាសុខាភិបាល(H-EQIP) ជាមួយធនាគារពិភពលោក(World Bank) ដែលគម្រោងទាំងអស់នោះ កំពុងតែដំណើរការយ៉ាងសកម្មនៅប្រទេសកម្ពុជា។

អតីតកម្មសិក្សាការីវគ្គខ្លីៗនិងនិស្សិតអាហារូបករណ៍នៃកម្មវិធីបណ្តុះបណ្តាលតាមរយៈកយកា-KOICA បានបង្កើតសមាគមមានឈ្មោះជាផ្លូវការថា«សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ» ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ក្រោមការឧបត្ថម្ភពី កយកា-KOICA នៃសាធារណរដ្ឋកូរ៉េ។ ដំបូងឡើយសមាគមនេះ មានឈ្មោះថា «ក្លឹបខ្ញុំស្រឡាញ់កូរ៉េ» ឬជាភាសាអង់គ្លេសថា “I Love Korea Club”។ ចាប់តាំងពីការចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាក្នុងឆ្នាំ២០០៧មក សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ បានសហការជាមួយការិយាល័យ កយកា-KOICA ប្រចាំប្រទេសកម្ពុជា នឹងបានរៀបចំសកម្មភាពសង្គមជាច្រើន សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងប្រទេសកម្ពុជា៕