(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគមកពីប្រទេសជប៉ុនចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្នុងគោលបំណងផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា។

ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី បានជម្រាបអ្នកវិនិយោគិនជប៉ុនពីការរីកចម្រើននៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងសកម្មភាពក្នុងការបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរនៅតាមរោងចក្រ សហគ្រាស និងបានបណ្តុះបណ្តាលជំនាញដល់យុវជន និងកម្លាំងពលកម្មជាច្រើនម៉ឺននាក់ក្នុងរយៈពេលមួយឆ្នាំៗដែលជាសក្តានុពលមួយសម្រាប់អ្នកវិនិយោគិនបរទេស ។
ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ អ្នកវិនិយោគិនជប៉ុន បានបង្ហាញពីសក្តានុពលអាជីវកម្មរបស់ខ្លួន និងតម្រូវការការងារដែលក្រុមហ៊ុនជប៉ុនកំពុងមានតម្រូវការ។ បន្ថែមពីនេះ គណៈប្រតិភូវិនិយោគជប៉ុន បានឆ្លៀតសរសើរពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាដែលរីកចម្រើនលើគ្រប់វិស័យ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី រំពឹងថាអ្នកវិនិយោគជប៉ុននឹងអាចបង្កើនការបោះទុនវិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនខណៈដែលកម្ពុជាមានសក្តានុពលទាំងកម្លាំងពលកម្ម និងបរិយាកាសការងារ៕