(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញទស្សនកិច្ចមិត្តភាពផ្លូវការលើកទី១ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការ លើកទី១ ចេញទៅក្រៅប្រទេស របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារជាតិសាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិដ៏ល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ របស់រដ្ឋាភិបាលទាំងពីរ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១០ ក្រោមមូលបទ «សន្តិសុខរួម សន្តិភាពយូរអង្វែង»។ វេទិកាប៉េកាំងសៀងសាន លោកនឹងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពេញអង្គលើកទី១ លើប្រធានបទ «ទំនួលខុសត្រូវនៃប្រទេសធំៗ និងកិច្ចសហប្រតិបត្តិការសន្តិសុខសកល» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ សិង្ហបុរី និងឥស្សរជនបរទេសមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា ជាមួយបណ្តាប្រទេសនានា។

ដំណើរទស្សនកិច្ចផ្លូវការរប នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ ក្រសួងការពារជាតិកម្ពុជា នឹងកងយោធពលខេមរភូមិន្ទ ក្នុងការសហការជាមួយភាគីចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែស៊ីជម្រៅសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជា សម្រាប់តំបន់ទាំងមូល៕