(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) (RMA Cambodia) បានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនផ្តល់សេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ ឡារីតា (Larryta)។នេះជាលើកទីមួយ ដែលក្រុមហ៊ុន RMA Cambodia បានធ្វើការចុះអនុស្សារណៈជាមួយ ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ក្នុងគោលបំណងដើម្បីធានាបាននូវគុណភាព សេវាកម្ម និងឆ្លើយតបទៅនឹងតម្រូវការ អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុន RMA Cambodia ក៏នឹងទទួលស្វាគមន៍ដល់ក្រុមហ៊ុនដទៃទៀត ក្នុងការផ្តល់កញ្ចប់យ៉ាងពិសេស សម្រាប់ពង្រឹង និងពង្រីកអាជីវកម្ម។
លោក សេង វឹង នាយកផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងនៅក្នុងពិធីនេះថា «ក្រុមហ៊ុនជាដៃគូភាគី ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការចុះអនុស្សារណៈនេះ រួមមានការត្រួតពិនិត្យបច្ចេកទេសរថយន្តជាប្រចាំ ការប្តូរប្រេងម៉ាស៊ីន តម្រងប្រេង តម្រងខ្យល់ ដោយឥតគិតថ្លៃរៀងរាល់ បីខែ ម្តង និងការផ្តល់អាទិភាពខ្ពស់សម្រាប់សេវាកម្មជួសជុល និងគ្រឿងបន្លាស់។ ក្រុមជាងបច្ចេកទេសរបស់រថយន្ត Ford នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកបើកបរពីមូលដ្ឋានគ្រឹះក្នុងការថែទាំ ជួសជុល និងពីរបៀបដំណើរការប្រព័ន្ធបច្ចេកវិទ្យា ចុងក្រោយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៀត យើងធ្វើការរៀបចំរថយន្ត ពីរគ្រឿង ត្រៀមចាំផ្លាស់ប្តូរក្នុងពេលមានបញ្ហាណាមួយ និងផ្តល់សេវាជួសជុលចល័ត ២៤ម៉ោង និងគ្រប់ខេត្តក្រុង ដើម្បីកុំឲ្យមានការរអាក់រអួលក្នុងការបម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុន Larryta»។
ក្រុមហ៊ុន RMA Cambodia ក៏បានធ្វើការថ្លែងអំណរគុណដល់ក្រុមហ៊ុន Larryta ដែលបានផ្តល់ទំនុកចិត្តមកលើគុណភាពរថយន្ត FORD និងសេវាកម្មផ្សេងទៀតរបស់ក្រុមហ៊ុន RMA Cambodia។
លោក មឿន សម្បត្តិ នាយកគ្រប់គ្រងក្រុមហ៊ុន ឡារីតា បានលើកឡើងថា «ក្រុមហ៊ុន Larryta បានជ្រើសយករថយន្ត Ford Transit ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនក្នុងប្រទេសកម្ពុជា តាំងពីក្រុមហ៊ុនយើង ចាប់ដំណើរការសេវាកម្មដឹកជញ្ជូនអ្នកដំណើរចាប់តាំងពីឆ្នាំ២០១៣ មកម៉្លេះ ហើយយើងទទួលបានការពេញចិត្ត យ៉ាងខ្លាំងពីសំណាក់អ្នកធ្វើដំណើរ ដែលជាអតិថិជនរបស់យើង។ អាជីវកម្មក្រុមហ៊ុន របស់យើង ក៏មានការកើនឡើងជាលំដាប់ ដែលតម្រូវឲ្យយើង ពង្រីកអាជីវកម្មបន្ថែមទៀត ដោយបង្កើនចំនួនរថយន្ត និងខ្សែររត់នៅលើផ្លូវជាតិលេខ ៥ ទៅលើអ្វីដែលយើងមានស្រាប់ រួមមាន៖ ពីក្រុងភ្នំពេញ ទៅតាមបណ្តាខេត្តសៀមរាប បាត់ដំបង ប៉ោយប៉ែត បាងកក ប៉ាតាយ៉ា កោះឆាង និងខេត្តព្រះសីហនុ»។
លោក មឿន សម្បត្តិ បានបង្ហើបឲ្យដឹងទៀតថា ហេតុដែលក្រុមហ៊ុន Larryta ចាប់យករថយន្ត Ford Transit ធ្វើជាដៃគូពាណិជ្ជកម្មរហូតដល់ មានរៀបចំឲ្យមានការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះ ដោយសារតែរថយន្ត Ford Transit មានភាពមំា ធន សមស្របទៅនឹងស្ថានភាពផ្លូវរបស់ប្រទេសកម្ពុជា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងបំពាក់នូវបញ្ចេកវិទ្យាទំនើបៗ ជាងរថយន្តដទៃទៀតនេះ ដែលផ្តល់ជូននូវសុវត្ថិភាព ផាសុកភាព និងឧត្តមភាពដល់អតិថិជន របស់ខ្លួនថែមទៀតផង៕