(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ទទួលបានសំណើសុំអន្តរាគមន៍ពីក្រុមហ៊ុនភ្នាក់ងារ ដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយ ន.ទ.ក. និងទទួលបានសិទ្ធិស្របច្បាប់ ពីក្រុមហ៊ុនផលិតគ្រឿងសម្ភារបរិក្ខារផ្ទាល់ (Vendors) ក្នុងការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Apple (iPhone) និងក្រុមហ៊ុន Samsung នាឡិកាឆ្លាតរបស់ក្រុមហ៊ុន Garmin និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ប្រភេទផ្សេងៗទៀត ដើម្បីជួយទប់ស្កាត់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទាំងនោះ ដោយបុគ្គលខុសច្បាប់ ដែលពុំមានវិញ្ញាបនបត្រទទួលស្គាល់ គុណវុឌ្ឍិជាភ្នាក់ងារ និង/ឬពុំមានចុះបញ្ជីទទួលស្គាល់យថាប្រភេទ (TA) នៅ ន.ទ.ក. ពីព្រោះថាការណ៍នេះបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុនស្របច្បាប់។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងការពារអ្នកប្រើប្រាស់ ន.ទ.ក. សូមជូនដំណឹងដល់សាធារណជន និងបណ្តាក្រុមហ៊ុន ដូចបានរៀបរាប់ខាងលើ ត្រូវបញ្ឈប់៖

*១៖ ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ដោយគ្មានវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារពី ន.ទ.ក.
*២៖ ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ដែលគ្មានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទ (TA) និងលិខិតអនុញ្ញាតនាំចូល ពី ន.ទ.ក.
*៣៖ ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ណាខុសពីទីផ្សារគោលដៅកំណត់ដោយក្រុមហ៊ុនផលិតគ្រឿងសម្ភារបរិក្ខារផ្ទាល់ (Vendors)។

ន.ទ.ក. សូមរំលេចជូននូវបញ្ញត្តិជាធរមានមួយចំនួននៃច្បាប់ស្តីពីទូរគមនាគមន៍ ដូចខាងក្រោម៖

* ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ ខែ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៥ លានរៀល ចំពោះប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខាទូរគមនាគមន៍ ដោយគ្មានលិខិតអនុញ្ញាត និងវិញ្ញាបនបត្រពី ន .ទ.ក. (មាត្រា៨៩)
* ចំពោះនីតិបុគ្គល ត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០ លានរៀល ព្រមទាំង ទោសបន្ថែមណាមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ (មាត្រា ៩០)
* រឹបអូសគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ខុសច្បាប់ និង
* ពិន័យផ្សេងៗទៀត។

ជាមួយគ្នានេះ ន.ទ.ក. សូមរំលឹកជូនផងដែរថា ក្នុងករណី ន.ទ.ក. រកឃើញថា សាធារណជន និងក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាពផ្ទុយនឹងច្បាប់ដូចខាងលើ នោះ ន.ទ.ក. នឹងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនឹងនេះ ន.ទ.ក. សូមអំពាវនាវដល់សាធារណជន និងក្រុមហ៊ុនចូលរួមសហការ និងរាយការណ៍អំពីសកម្មភាពខុសច្បាប់ ដូចបាន រៀបរាប់ខាងលើ មក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬ ផ្ញើសារ មកកាន់អ៊ីម៉ែល [email protected]