(បន្ទាយមានជ័យ)៖ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំតាមបណ្ដាមូលដ្ឋាន សរុបចំនួន៧នាក់ បានប្រកាសលាលែងចេញពីបក្សប្រឆាំងមួយនេះ ក្រោមហេតុផលដូចៗគ្នាថា អស់ជំនឿ និងកម្លាំងចិត្តតស៊ូ។

តាមរយៈលិខិតសុំលាលែង និងផ្ដាច់ខ្លួនពីទណ្ឌិត សម រង្ស៉ី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា សមាជិកគណប្សភ្លើងទៀន ដែលប្រកាសាលែងទាំង៧នាក់នោះរួមមាន៖

*ទី១៖ លោក ស៉ិន វុត្ថា សមាជិកគណៈកម្មាធិការនាយក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តបន្ទាយមានជ័យ
*ទី២៖ លោក ឡុង ឡាវី សមាជិកគណបក្សភ្លើងទៀន និងជាអនុប្រធានទី១ គណៈកម្មាធិការប្រតិបត្តិខេត្តបន្ទាយមានជ័យ
*ទី៣៖ លោក ឈុំ ស៉ីណាត សមាជិកគណបក្សភ្លើងទៀន និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ ស្រុកមង្គលបូរី
*ទី៤៖ លោក វ៉ាន់ ស៊ុយអ៉ីវ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាជំទប់ទី២ គណបក្សភ្លើងទៀន ឃុំគយម៉ែង ស្រុកមង្គលបូរី
*ទី៥៖ លោក ទេព សម្បត្តិវឌ្ឍនោ សមាជិកគណបក្សភ្លើងទៀន និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិខេត្តបន្ទាយមានជ័យ
*ទី៦៖ លោក ទួត វាសនា សមាជិកគណបក្សភ្លើងទៀន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិស្រុកមង្គលបូរី
*ទី៧៖ លោក ហ៉ឹម ឡា សមាជិកគណបក្សភ្លើងទៀន និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ឃុំគយម៉ែង ស្រុកមង្គលបូរី។

ក្នុងលិខិតដដែលនោះ សមាជិកគណបក្សភ្លើងទៀនទាំង៧នាក់នេះ បានអះអាងថា ពួកគេសុំលាលែងពីសមាជិកភាព និងគ្រប់តួនាទី ហើយសូមប្រកាសផ្ដាច់ខ្លួនពីអតីតមេដឹកនាំប្រឆាំងជ្រុលនិយម មានទណ្ឌិត សម រង្ស៉ី, អេង ឆៃអ៊ាង និងមួរ សុខហួរ ចាប់ពីពេលនេះតទៅ៕